គ្រូ Bayern Munich ពិតជាចង់បាន ៣ពិន្ទុពេលប៉ះ Barca រាត្រីនេះ
លោក Julian Nagelsmann គ្រូបង្វឹកក្រុម Bayern Munich ថាលោកពិតជាចង់បាន ៣ពិន្ទុនៅទឹកដី Camp Nou សម្រាប់ការប្រកួតបើកឆាក UEFA Champions League រដូវកាលនេះ។

នេះជាជំនួបសំខាន់ឬអាចនិយាយបានថាជាជំនួបសងសឹកសម្រាប់ក្រុម Barcelona ទៅលើក្រុម Bayern Munich វិញផងដែរ ព្រោះកាលពីរដូវកាលមុននោះ ពួកគេចាញ់ដល់ទៅ ៨-២ ឯណោះ។ ស្របពេលជំនួបលើកនេះ ក្រុមទាំងពីរក៏មានការផ្លាស់ប្ដូរសមាសភាពច្រើនផងដែរ ទាំងគ្រូទាំងសងខាងនិងកីឡាករមួយចំនួន។
ជាក់ស្ដែង លោក Julian Nagelsmann គ្រូបង្វឹកក្រុម Bayern Munich បាននិយាយមុនការប្រកួតថា៖ ”ពួកគេលែងមាននរណាម្នាក់ដែលអស្ចារ្យដូច Messi ទៀតហើយ ប៉ុន្តែពួកគេមានកីឡាករដទៃទៀតដែលអាចធ្វើរឿងផ្សេងបាន។ យើងបានរៀបចំក្រុមសម្រាប់គ្រប់យ៉ាង។ ខ្ញុំមិនគិតថាពួកគេនៅពេលនេះធ្វើមិនបានល្អទេ។ គ្រប់ករណីទាំងអស់ យើងពិតជាចង់បាន៣ពិន្ទុពីការប្រកួតនេះ”៕