​អ្នក​ចាត់​ការ​របស់ Leicester លោក Brendan Rodgers បាន​និយាយ​ថា លោក​មិន​​ស្គាល់​ទេ​អ្វី​ទៅ​​ជា​ពាន Europa Conference League បន្ទាប់​ពី​ក្រុម​​របស់​លោក​បាន​ធ្លាក់​នៅ​លេង​​ពាន​មួយ​នេះ។

Brendan Rodgers
Brendan Rodgers

Leicester City បាន​ប្រកួត​ចាញ់​ក្រុម​ខ្លាំង​មក​ពី​អ៊ីតាលី Napoli ៣-២ ធ្វើ​ឲ្យ​ពួក​គេ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣ពូល C ពាន​រង្វាន់ Europa League។ ដោយ​ចំណាត់​ថ្នាក់​នេះ Leicester ត្រូវ​ធ្លាក់​ទៅ​លេង​ពាន​លំដាប់​ទី​៣​នៃ​ទ្វីប​អឺរ៉ុប Europa Conference League។

យ៉ាងណាមិញ ក្រោយ​ដឹក​ក្រុម​របស់​ខ្លួន​ធ្លាក់​លោក Brendan Rodgers បាន​និយាយ​ត្រង់ៗ​ថា មិន​ស្គាល់​ពាន​មួយ​នេះ​ឡើយ។ សាកសួរ​ពី​លទ្ធភាព​ឈ្នះ​ពាន Europa Conference League លោក Rodgers បាន​និយាយ​ថា៖ “ខ្ញុំ​​​និយាយ​ឲ្យ​ស្មោះត្រង់​ទៅ ខ្ញុំ​​ពិត​ជា​​មិន​ដឹង​ថា​កម្មវិធី​នេះ​ជា​អ្វី​ទេ។

ខ្ញុំ​បាន​ផ្ដោត​លើ​ពាន Europa League និង​ការ​​ឈ្នះ​ក្នុង​ពូល​នេះ ឬ​យ៉ាង​ហោច​ណាស់​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២។ ដូច្នេះ​​ដោយ​ការ​គោរព​ជាមួយ​កម្មវិធី ខ្ញុំ​ពិត​ជា​មិន​ដឹង​ថា​ វា​ជា​កម្មវិធី​អ្វី​ទេ។ ប៉ុន្តែ​ខ្ញុំ​ប្រាកដ​ណាស់ ខ្ញុំ​​ស្វែង​យល់​​​​នៅ​ពេល​ឆាប់​ៗ”៕