photo of Lee Tae Hoon
លោក Lee Tae Hoon គ្រូ​បង្វឹក​ក្រុម​បាល់ទាត់ U15 កម្ពុជា

លោក Lee Tae Hoon គ្រូ​បង្វឹក​ក្រុម​បាល់ទាត់ U15 កម្ពុជា បាន​​បង្ហាញ​ក្តី​រំពឹង​ថា ​ក្រុម​យុវជន​​របស់​លោក នឹង​អាច​ធ្វើបាន​ល្អ ពេល​ប៉ះ​ក្រុម​យុវជន​វៀតណាម ក្នុង​ពាន​រង្វាន់​ AFF U15 Championship នៅ​ប្រទេស​ឥណ្ឌូណេស៊ី ខាងមុខ​នេះ។

លោក​​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី២៤កក្កដា​ម្សិលមិញ​ថា ក្រុម​របស់​​លោក​​ធ្លាប់​បរាជ័យ​ក្រោម​ថ្វី​ជើង​ U-15 វៀតណាម​ ពីរ​លើក​រួច​​មក​ហើយ ដោយ​លើក​ទី​១​ចាញ់ ២-១ និង​លើក​ទី​២​ចាញ់ ៥-០។ ដូច្នេះ​ការ​ប្រកួត​ជាមួយ​វៀតណាម ​នាពេល​ខាងមុខនេះ ក្រុម​លោក​បាន​ចាត់ទុកថា ជា​ជំនួប​ដ៏​សំខាន់​ជាង​គេ ​​និង​ប្រឹងប្រែង​លេង​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​ប្រជែង​យក​លទ្ធផល​​ឲ្យ​បាន​​​ប្រសើរ​ជាង​​ការ​ប្រកួត​មុន​ៗ។

អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឈុតធំ​រូបនេះ បន្ថែម​ថា កាល​ចាញ់​លើក​ចុង​ក្រោយ​នៅ​ប្រទេស​ម៉ុងហ្គោលី​នោះ ​គឺ​ក្រុម​កម្ពុជា​មាន​កីឡាករ​មួយ​ចំនួន មិន​បាន​ទៅ​ចូល​រួម​ហើយ​លេង​មិន​សូវ​បាន​ល្អ។ ប៉ុន្តែ​លើក​​នេះ​ ក្រុម​របស់​​លោក​មាន​កីឡាករ​ថ្មី​ៗ​ និង​ល្អៗ​​មក​ជួយ​ក្រុម​មួយ​ចំនួន​។

​សូម​បញ្ជាក់​ថា ក្រុម U15 កម្ពុជា នឹង​​បន្ត​ទៅ​​ប្រទេស​ឥណ្ឌូណេស៊ី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៨​​ ក្រោយ​ចប់​ភារកិច្ច​បោះជំរំ​ហ្វឹកហាត់​នៅ​ម៉ាឡេស៊ី​ ១​សប្ដាហ៍។ ការ​ប្រកួត​ក្នុងពាន​រង្វាន់ AFF U-15 Championship 2018 ​​គឺធ្វើឡើង​ចន្លោះ​ពី​ថ្ងៃ​​ទី​២៩ ​ខែ​កក្កដា ​ដល់​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ​២០១៨។

​ក្រុម​ U15 កម្ពុជា​ស្ថិត​នៅ​ពូល A ជា​មួយ​​ម្ចាស់​ផ្ទះ ឥណ្ឌូណេស៊ី វៀតណាម ទីម័រខាងកើត ហ្វីលីពីន និង​មីយ៉ាន់ម៉ា។ កម្ពុជា នឹង​ប៉ះ​វៀតណាម នៅថ្ងៃ​បើកឆាក នា​រសៀល​ថ្ងៃទី ២៩ ខែ​កក្កដា ឆ្នាំ​២០១៨៕