ចាន់ វឌ្ឍនាកា មិនទាន់រកគ្រាប់បាល់ដំបូងឲ្យ បឹងកេត នៅឡើយទេ ក្នុងជំនួបឈ្នះអាស៊ីអឺរ៉ុប ៤-០ !
ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បានប្តូរចូលបង្ហាញខ្លួនឲ្យបឹងកេត កាលពីម្សិលមិញ ក្នុងជំនួបឈ្នះអាស៊ីអឺរ៉ុប ៤-០ តែពុំអាចស៊ុតបញ្ចូលទីបានឡើយ។ នេះជាការបង្ហាញខ្លួនលើកដំបូង ក្រោយវិលមកពីម៉ាឡេស៊ី។ វឌ្ឍនាកា នៅតែបង្ហាញភាពលេចធ្លោ ដោយព្យាយាមអូសបាល់កាត់ខ្សែការពារ AEU យ៉ាងច្រើន ប៉ុន្តែនៅមិនទាន់សម្រេចទីបាន។

ក្រុមបឹងកេត បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤-០ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃសៅរ៍ ដោយក្នុងនោះខ្សែប្រយុទ្ធ Oiboh Julius រកបាន ២ គ្រាប់នៅនាទីទី ២៦ និងទី ៤៤ ហើយ Maycon បានបន្ថែម ២ គ្រាប់ទៀត នៅនាទីទី ៥៧ និងទី ៦៧ គឺស្របពេលដែល ចាន់ វឌ្ឍនាកា បានបង្ហាញខ្លួន ត្រឹមជាកីឡាករជម្រើសទី ២ ក្នុងរយៈពេល ៣០ នាទីចុងក្រោយ ហើយការលេងរបស់គេ ក៏ហាក់មិនទាន់មានការស៊ីចង្វាក់គ្នា ជាមួយមិត្តរួមក្រុមប៉ុន្មានដែរ។
ចាន់ វឌ្ឍនាកា បានចូលលេងឲ្យក្រុមបឹងកេត ក្នុងនាមជាកីឡាករបម្រុងប៉ុណ្ណោះ។ វឌ្ឍនាកា ត្រូវបានដាក់ឲ្យចូលលេងនៅម្តុំនាទីទី៦០ ហើយការលេងរបស់គេ ហាក់មិនសូវស៊ីចង្វាក់ជាមួយសមាជិកក្រុមប៉ុន្មានឡើយ ឯគុណភាពកម្លាំងរបស់គេ ក៏មិនទាន់គ្រាប់គ្រាន់ផងដែរ។
ជុំវិញបញ្ហាស្ថានភាពប្រកួតរបស់ ចាន់ វឌ្ឍនាកា នេះ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត បានប្រាប់កាលពីម្សិលមិញថា៖ «មកដល់ពេលនេះ ទម្រង់លេងរបស់ ចាន់ វឌ្ឍនាកា នៅតែល្អដដែល ប៉ុន្តែគាត់នៅខ្វះកម្លាំង បន្តិច ព្រោះគាត់ទើបហ្វឹកហាត់ជាមួយក្រុម បាន ១ សប្តាហ៍ទេ អ៊ីចឹងកម្លាំងរបស់គាត់ មិនទាន់ពេញល្អទេ»។
លោក ហៅ សុជាតិ បានបន្ថែមថា៖ «យើងនៅមិនទាន់អាចនិយាយបានថា វឌ្ឍនាកា នឹង មានកម្លាំងពេញ អាចលេងបាន ១០០ ភាគរយ ក្នុងការប្រកួត ទីប៉ុន្មានឲ្យប្រាកដនោះទេ គឺយើងត្រូវតាមដានពីកម្លាំងរបស់គាត់ ការឲ្យគាត់លេងយល់ចិត្តជាមួយក្រុម និងឲ្យគាត់យល់ពីទម្រង់រៀបចំរបស់យើងទៀត ព្រោះគាត់ពេលនេះដូចជាកម្លាំងថ្មីមួយ ផងដែរ ប៉ុន្តែ ចាន់ វឌ្ឍនាកា ជាកីឡាករល្អមួយរូប អ៊ីចឹងខ្ញុំគិតថា ប្រហែលជាប្រើពេលមិនយូរប៉ុន្មានទេ គឺត្រឹមការប្រកួតទី ៣ ឬទី ៤ ក្នុងជើងទី ២ នេះ គាត់នឹងលេងបានពេញហើយ»។

យ៉ាងណាក៏ដោយ លទ្ធផលនេះ បានជួយបឹងកេតបន្តឈរកំពូលតារាង ខណៈក្រុមលេខ២ណាហ្គាវ៉ើល ក៏បំបាក់ព្រះខ័នរាជស្វាយរៀង ៤-០ ដេញពីក្រោយផងដែរ។