ក្លឹប​កាំភ្លើង​ធំ Arsenal បាន​​​ប្រកាស​ថា David Luiz, Martin Odegaard, Dani Ceballos និង Mat Ryan នឹង​ត្រូវ​ចាកចេញ​ពី​ក្លឹប ពេល​ដែល​កុងត្រា​របស់​ពួក​គេ​អស់​នៅ​បញ្ចប់​ខែ​នេះ។

David Luiz, Martin Odegaard, Dani Ceballos និង Mat Ryan
David Luiz, Martin Odegaard, Dani Ceballos និង Mat Ryan

Luiz បាន​ផ្ដល់​ដំណឹង​​ទៅ​កាន់​ក្លឹប​​ពី​បំណង​នៃ​ការ​ចាកចេញ​តាំង​ពី​ខែ​ឧសភា ត្បិត​ Arsenal មាន​គម្រោង​ចង់​ពង្រីង​កុងត្រា​បន្ថែម​ឲ្យ​គេ​ក៏​ដោយ។ ខ្សែ​ការពារ​កណ្ដាល​រូប​នេះ​ផ្ទេរ​ពី Chelsea មក​​កាំភ្លើង​ធំ​ក្នុង​តម្លៃ​ខ្លួន​៨​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៩ បង្ហាញ​ខ្លួន​បាន​៧៣​ប្រកួត។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​បាន​ជួយ​ក្រុម​លោក Mikel Arteta ឈ្នះ​ពាន FA Cup និង Community Shield អំឡុង​ពេល​​២​ឆ្នាំ​​នៅ​ជាមួយ​ក្លឹប។ Odegaard ដែល​ចូលរួម​ជាមួយ Arsenal កាល​ពី​ខែ​មករា និង Ceballos លេង​អស់​រយៈពេល​២​ឆ្នាំ​ជា​កីឡាករ​ខ្ចី​ជើង​គឺ​ត្រូវ​ដល់​ពេល​ត្រឡប់​ទៅ​ក្លឹប​ដើម Real Madrid ទាំង​ពីរ​នាក់​វិញ​ហើយ។

អ្នក​ចាំ​ទី Ryan ដែល​ជា​កីឡាករ​ខ្ចី​ជើង​ដែរ​នោះ នឹង​ត្រឡប់​ទៅ​កាន់​​ក្លឹប​ដើម​របស់​ខ្លួន​វិញ​គឺ Brighton។ អ្នក​ចាំ​ទី​រូប​នេះ​បង្ហាញ​ខ្លួន​​បាន​៣​ប្រកួត​ក្នុង​រយៈពេល​៥​ខែ​នៅ​ជាមួយ Arsenal៕