ចោរ​ប្រដាប់អាវុធ​ម្នាក់​ដែល​ប៉ុនប៉ង​ប្លន់​កីឡាករ​របស់ Arsenal ពីររូប Mesut Ozil និង Sead Kolasinac ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ១០ ឆ្នាំ​។ Ozil និង Kolasinac ត្រូវ​ចោរ​មាន​គ្នា​ពីរ​នាក់​ព្យាយាម​ប្លន់​យក​នាឡិកា​ទំនើប​តម្លៃ ២៥៧,០០០​ដុល្លារ​អាមេរិក នៅតាម​ផ្លូវ​ក្នុង​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​។​

photo of Ozil and Kolasinac
Ozil and Kolasinac
តុលាការ Harrow Crown ទទួលបាន​ដំណឹង​ថា Ashley Smith និង​បក្ខពួក​របស់គេ​ម្នាក់ទៀត​បានធ្វើ​សកម្មភាព​ប្លន់​តែ​មិនបាន​សម្រេច ដ្បិត​ខ្សែការពារ​សញ្ជាតិ​បូ​ស្ន៊ី Kolasinac មាន​ភាពក្លាហាន​ក្នុងការ​វាយបក​តម​វិញ ដែល​ហេតុការណ៍​នេះ​កើតឡើង​តាំងពី​ខែកក្កដា​ម្លេះ​។​
Smith វ័យ​៣០​ឆ្នាំ ត្រូវបាន​ចៅក្រម​លោក Ian Bourne QC រៀបរាប់ថា​ជា​« ឧក្រិដ្ឋជន​អាជីព​» ដែល​ត្រូវ​ប៉ូលីស​បាន​ស្គាល់​ពួកគេ​ច្បាស់​។ ដោយឡែក​ដែ​គូរ​បស់ Smith ម្នាក់ទៀត​ឈ្មោះ Jordan Northover ក៏បាន​សារភាព​ទោសកំហុស​របស់ខ្លួន​ចំពោះ​ការប៉ុនប៉ង​ប្លន់​នេះដែរ ប៉ុន្តែ​ត្រូវ​ផ្តន្ទាទោស​នៅ​ថ្ងៃក្រោយ​។
​យោងតាម​ការប្រកាសរ​បស់​ចៅក្រម Smith និង Northover បាន​ប្រើ​អាវុធ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដូចជា​ម្ជុលចាក់​ប៉ាក់ និង​ដែក​ទួ​ឡឺ​វី​ស​សម្រាប់ធ្វើ​សកម្មភាព​ប្លន់​លើ​កីឡាករ​ទាំងពីរ​។​
​តាមរយៈ​ខ្សែ​វីដេអូ​ដែល​ថត​ដោយ​កាំ​មេ​រ៉ា​សុវត្ថិភាព​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃទី​២៦ ខែកក្កដា បង្ហាញថា​ខ្សែការពារ Kolasinac វ័យ​២៦​ឆ្នាំ​បាន​ដេញតាម និង​តតាំង​ជាមួយ​ចោរ​មាន​គ្នា​ពីរ​នាក់​នេះ​នៅ​តំបន់ Platts Lane ក្នុង​ក្រុង​ឡុង​ដ៍​។​
​ខណៈ Ozil នៅក្នុង​រថយន្ត ហើយ Kolasinac ឈរ​ក្រៅ​រថយន្ត បានបង្ហាញ​ភាពក្លាហាន​ដើម្បី​ប្រឈមមុខ​ជាមួយ​បុរស​ពាក់​ម៉ាស​ជិះ​ម៉ូតូ​ចុះមក​ប្លន់​ដោយមាន​អាវុធ​ផង​នៅក្បែ​ឡាន​នោះ​។
​សូមបញ្ជាក់ថា ករណី​ប្លន់​កីឡាករ​បាល់ទាត់​នេះ​មិនមែនជា​លើកទីមួយ​ឡើយ​។ ក្រៅពី Ozil និង Kolasinac កាលពី​ឆ្នាំ​២០១៦ Andy Carroll ខ្សែប្រយុទ្ធ West Ham ក៏​ធ្លាប់​ត្រូវ​ចោរប្លន់​នៅតាម​ផ្លូវ​ក្នុង​ក្រុង​ឡុង​ដ៍​ម្តង​ដែរ បន្ទាប់ពី​រូបគេ​ចេញពី​ហ្វឹកហាត់​ត្រឡប់ទៅផ្ទះ​៕