photo of Dortmund
ជនល្មើស​បំផ្ទុះ​គ្រាប់​បែក​លើ​រថយន្ដ​របស់ Dortmund ត្រូវកាត់ទោស​ជាប់​ពន្ធនាគារ ១៤ឆ្នាំ

ជន​ល្មើស​ដែល​បាន​បំផ្ទុះ​គ្រាប់​បែក​លើ​រថយន្ដ​ដឹក​កីឡាករ​របស់​ក្លឹប Dortmund កាល​ពី​ឆ្នាំ២០១៧ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៤ឆ្នាំ។

កីឡាករ​ក្លឹប Dortmund កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទឹកដី​កីឡដ្ឋាន Signal Iduna Park ដើម្បី​ចូល​រួម​ការ​ប្រកួត​ជើង​ទី១ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ឆេម​ពានស៍​លីគ​ជាមួយ​ក្លឹប Monaco កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ក៏​ស្រាប់​តែ​មាន​ការ​ផ្ទុះ​ ៣លើក​កើត​ឡើង។

កីឡាករ​ខ្សែ​ការពារ Marc Bartra បាន​រង​របួសបាក់​កដៃ ខណៈ​ដែល​ការ​ប្រកួត​ត្រូវ​បាន​ពន្យារ​ពេល​ ២៤ម៉ោង។

ជន​សង្ស័យ​ដែលមាន​វ័យ ២៩ឆ្នាំ មានសញ្ជាតិពីរគឺ​រុស្ស៊ី​ និងអាល្លឺម៉ង់​ ដែល​​គេហៅ​ឈ្មោះ​ថា Sergej W ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​បែបនេះដើម្បី​ទទួល​បាន​ផល​ចំណេញ​ផ្នែក​ហិរញ្ញវត្ថុ​។ ជន​សង្ស័យ​បាន​ទទួល​ស្គាល់​ថា​ខ្លួន​បាន​រៀបចំ និង​បំផ្ទុះ​គ្រាប់​បែក​ពិត​មែន ប៉ុន្ដែ​មិន​មាន​ចេតនា​បង្ក​ផល​ប៉ះ​ពាល់​ដល់​អាយុជីវិត​នោះ​ទេ គ្រាន់​តែ​មាន​បំណង​បង្ក​ការ​ភិត​ភ័យ​ប៉ុណ្ណោះ។

គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃាត​​លើ​មនុស្ស ២៨នាក់ កាល​ពី​ខែ​សីហា ហើយ​បាន​ទទួល​ការ​កាត់​សេចក្ដី​កាល​ពី​ថ្ងៃអង្គារនេះ៕