ជម្រើសជាតិកម្ពុជា​
ជម្រើសជាតិកម្ពុជា​

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា​ បានយកឈ្នះក្រុមម្ចាស់ផ្ទះឡាវ​ ដោយលទ្ធផល​ ១-០​ ក្នុងជំនួបមិត្តភាព​ នៅថ្ងៃ​នេះនៅកីឡដ្ឋាន​ KM 16 ។

ការប្រកួតដ៏តានតឹងនេះ​ ក្រុមទាំងពីរមានឱកាសវាយបកគ្នាទៅមក​ ប៉ុន្តែបញ្ចប់តង់ទី១​ ដោយ​លទ្ធផល​ ០-០​ ប៉ុណ្ណោះ។ ឈានដល់តង់ទី២​ ឃួន​ ឡាបូរ៉ាវី​ បានតែតគ្រាប់ជ័យជម្នះបញ្ចូលទីបានសម្រេច​ ក្រោយទទួលបាល់ពី​ ប្រាក់​ មុន្នីឧត្ដម​។

ក្រោយចប់ការប្រកួតលោក​ ប្រាក់​ សុវណ្ណរ៉ា​ គ្រូបង្វឹកក្រុមគោព្រៃថា​ ក្រុមទាំងពីរពិតជាលេងបានល្អ​ ហើយឡាវក៏មានឱកាសទាត់បាល់តាមស្មើដែរ​ តែអ្នកចាំទី​ ស៊ូ​ យ៉ាទី​ សង្គ្រោះ​បាន។

បន្ទាប់​ពី​ប្រកួត​នេះ​ទៅ ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ធ្វើ​ការ​ធ្ងន់​មួយ​ទៀត ​ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​អាហ្វហ្គានីស្ថាន ​នា​ថ្ងៃ​ទី​២៧​ខែ​មីនា​ឆ្នាំ​២០១៨​នេះ ​នៅ​ទឹក​ដី​តាជីគីស្ថាន ។ ដោយ​នៅ​ទីនោះ ​លោក ប្រាក់ សុវណ្ណារ៉ា ​បារម្ភ​រឿង​អាកាស​ធាតុ ព្រោះ​ប្រទេស​នេះ​មាន​សីតុណ្ហភាព​ជាង​១០​អស្សា​ប៉ុណ្ណោះ៕