បុរស​ខ្លាំង​ខាង​ទម្រង់​លេង Tiki-taka​ លោក Pep Guardiola ត្រូវ​បាន​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ទាក់ទង​ឲ្យ​ទៅ​ដឹក​នាំ ដោយ​ហ៊ាន​ឲ្យ​ថ្លៃ​ឈ្នួល​១០​លាន​ផោន​ក្នុង​មួយ​ឆ្នាំ។

Pep Guardiola
Pep Guardiola

​ប្រេស៊ីល​នឹង​ត្រូវ​​ប្រជែង​ជាមួយ​ជម្រើសជាតិ​ហុល្លង់​​ដែល​កំពុង​ចង់​បាន​ Guardiola ដូច​គ្នា ពេល​ដែល​​លោក​បញ្ចប់​ការងារ​​ជាមួយ Manchester City។ កុងត្រា​របស់​​អ្នក​ចាត់​ការ​វ័យ​៥១​ឆ្នាំ​​ជាមួយ Man City នៅ​សល់​រហូត​ដល់​ឆ្នាំ​២០២៣ ហើយ​គម្រោង​នៅ​​ពេល​ខាង​មុខ​លោក​ចង់​សាក​រសជាតិ​ទៅ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​វិញ​ម្ដង។

ប្រេស៊ីល​គឺ​ជា​​ក្រុម​ជម្រើសជាតិ​មួយ​ដែល​លោក Guardiola ធ្លាប់​បង្ហាញ​ការ​ចាប់​អារម្មណ៍​និង​សរសើរ។ គ្រូ​បច្ចុប្បន្ន​​របស់​ប្រេស៊ីល​លោក Tite បាន​ប្រកាស​រួច​មក​ហើយ​ថា លោក​នឹង​​​លាលែង​ចេញ​ពី​តំណែង​ពេល​ដែល​បញ្ចប់​ព្រឹត្តិការណ៍ World Cup ២០២២​នៅ​ប្រទេស​កាតា។

សហព័ន្ធ​បាល់ទាត់​ប្រទេស​ប្រេស៊ីល​​បាន​ចុច​ឈ្មោះ​លោក Guardiola ជា​បេក្ខភាព​​ក្នុង​ការ​ជំនួស​កន្លែង​របស់​លោក Tite។ ប្រេស៊ីល​សង្ឃឹម​ថា អតីត​​​អ្នក​ចាត់​ការ​របស់​ Barcelona ម្នាក់​​នេះ​អាច​​បញ្ជ្រាប​ទម្រង់​លេង Tiki-taka ក្នុង​ក្រុម​ ដើម្បី​​លេង​ក្នុង​ព្រឹត្តិការណ៍​ Copa America ២០២៤ និង World Cup ២០២៦ ដែល​នឹង​រៀបចំ​នៅ​សហរដ្ឋអាមេរិក កាណាដា និង​ម៉ិកស៊ិក៕