ក្នុង​ប្រវត្តិសាស្ត្រ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​ទ្វីប​អឺរ៉ុប UEFA Euro កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​នោះ​គឺ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo ដោយ​កីឡាករ​រូប​នេះ​រក​បាន ១២គ្រាប់ ដោយ​លេង​ក្នុង​ Euro ៥សម័យ​កាល​គឺ នៅ​ឆ្នាំ២០០៤ ២០០៨ ២០១២ ២០១៦ និង​ព្រឹត្តិការណ៍​ក្នុង​ឆ្នាំ២០២១​នេះ។

Michel Platini
Michel Platini

យ៉ាងណាមិញ ធ្លាប់​មាន​កីឡាករ​មួយ​រូប​លេង​ Euro តែ​ម្ដង​ទេ តែ​រក​បាន ៩គ្រាប់​ក្នុង​ព្រឹត្តិការណ៍​នោះ។

កីឡាករ​រូប​នោះ​គឺ អតីត​ខ្សែ​បម្រើ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​បារាំង​លោក Michel Platini។ អតីត​កីឡាករ​ក្លឹប​ Juventus រូប​នេះ​លេង​ព្រឹត្តិការណ៍ Euro តែ​ម្ដង​គត់​កាល​ពី​ឆ្នាំ១៩៨៤ ដែល​ជា​ឆ្នាំ​បារាំង​លើក​ពាន Euro ជា​លើក​ដំបូង​។

ក្រោយ​ចូល​និវត្តន៍​ពី​បាល់ទាត់​ បុរស​ជនជាតិ​បារាំង​រូប​នេះ​ធ្លាប់​ធ្វើ​ជា​គ្រូ​បង្វឹក និង​ធ្វើ​អ្នក​រដ្ឋបាល​ផ្នែក​បាល់ទាត់​រហូត​បាន​ធ្វើ​ជា​ ប្រធាន​ស្ថាប័ន UEFA កាល​ពី​ឆ្នាំ២០០៧ ដល់​ ឆ្នាំ២០១៥។ ជា​អកុសល​ លោក​ត្រូវ​បាន​ពិន័យ​មិន​ឲ្យ​ជាប់​ពាក់ព័ន្ធ​បាល់ទាត់​រយៈពេល ៨ឆ្នាំ​ រហូត​ដល់​ឆ្នាំ២០២៣ ក្រោម​បទ​ល្មើស​ក្រមសីលធម៌​ ដោយ​ទាក់ទិន​នឹង​ការ​ទទួល​ប្រាក់​មិន​ត្រឹម​ត្រូវ​កាល​ពី​ឆ្នាំ២០១១៕