ក្លិប Manchester United នឹងបញ្ចប់ចំណាត់ថ្នាក់ដោយឈរនៅលេខរៀងទី ៣ នៃក្របខណ្ឌ Premier League ក្នុងរដូវកាលនេះ ទោះបីជាយកបានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ក៏ដោយ នេះបើយោងតាមការព្យាករណ៍របស់លោក Gary Neville ក្នុងនោះក្រុម បិសាចក្រហមនឹងនៅឈរនៅពីក្រោយក្រុម Manchester City និង Chelsea។

Gary Neville
Gary Neville

Man UTD បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលមែនទែន ក្រោយពួកគេចុះកុងត្រាយកបាន Ronaldo ពីក្រុម Juventus កាលពីថ្ងៃ សុក្រ កន្លងទៅ, ខណៈខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ បានត្រឡប់មកកាន់ទឹកដី Old Trafford វិញជាលើកទី ២ ក្រោយចាកចេញអស់រយៈពេល ១២ ឆ្នាំ កន្លងទៅ។

ថ្លែងប្រាប់គេហទំព័រ Sky Sports លោក Neville បានធ្វើការព្យាកណ៍អំពីចំណាត់ថ្នាក់របស់ Man UTD នៅរដូវកាលនេះយ៉ាងដូច្នេះថា៖ ខ្ញុំបានធ្វើការព្យាការណ៍កាលពីយប់ថ្ងៃ ចន្ទ កន្លងទៅ ហើយខ្ញុំគិតថាក្រុម Manchester City និង Chelsea គឺមានភាគរយខ្ពស់ជាង Manchester United ក្នុងការឈ្នះពាន Premier League យ៉ាងណាខ្ញុំនឹងមិនផ្លាស់ប្តូរគំនិតនេះទេ ព្រោះខ្ញុំមិនគិតថា ការចុះកុងត្រាយកបាន Ronaldo នឹងធ្វើឱ្យ Man UTD មានភាពល្អប្រសើរជាង Chelsea ឡើយ, ខណៈដែលពួកគេគឺជាម្ចាស់ជើងឯក Champions League កាលពីរដូវកាលមុន ចំណែកឯ Manchester City វិញគឺជាជើងឯក Premier League ដែលពួកគេមានពិន្ទុដាច់រហូតដល់ទៅ ២០ ពិន្ទុឯណោះ៕