ខ្សែការពារស្លាបស្តាំ ឈិន ឈឿន បានបង្ហើបពីមូលហេតុដែលចាកចេញពីក្រសួងការពារជាតិ ផ្លាស់មកចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង គឺដោយសារតែការចង់លេងនៅក្នុងព្រឹត្តិការណ៍ AFC Cup នៅក្នុងអាជីពរបស់ខ្លួន។

photo orf ឈិន ឈឿន
ខ្សែការពារស្លាបស្តាំ ឈិន ឈឿន

ម្ចាស់អាវលេខ១៧នៅក្រុមជម្រើសជាតិបានបន្ថែមថា៖ “ខ្ញុំត្រូវស្វែងរកការប្រកួតប្រជែងថ្មីៗ និងទទួលបានបទពិសោធន៍បន្ថែមទៀត ការចាកចេញរបស់ខ្ញុំនឹងក្លាយជាឱកាសសម្រាប់កីឡាករយុវជនទទួលបានការលេងច្រើន។ ដោយឡែក វាជាឱកាសដ៏ល្អសម្រាប់ខ្ញុំក្នុងការលេងក្នុងពានរង្វាន់ AFC Cup ហើយអ្វីដែលសំខាន់បំផុតនោះគឺការលេងនៅក្នុងព្រឹត្តិការណ៍ AFC Cup ដែលយើងនឹងត្រូវជួបជាមួយក្លឹបបរទេស។”

គួរឲ្យដឹងថា ព្រះខ័នរាជស្វាយរៀងគឺទើបតែទទួលបានសិទ្ធិចូលរួមប្រកួតពានរង្វាន់នេះពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីក្រោយក្លាយជាជើងឯកក្របខណ្ឌ Metfone Cambodian League 2019។ ព្រះខ័នរាជស្វាយរៀង នឹងទទួលភ្ញៀវជើងឯករងលីគកំពូលឡាវ ក្លិប Master 7 នៅថ្ងៃពុធ ទី២២ មករា សម្រាប់ជើងទីមួយ មុនទៅលេងនៅវៀងចន្ទន៍ ជើងទីពីរ ថ្ងៃពុធ ទី២៩ មករា។

ពូល G នេះមាន Ceres Negros របស់ហ្វីលីពីន, ក្លិបវៀតណាម Than Quang Ninh និង ក្លិបឥណ្ឌូនេស៊ី Bali United ឬក្លិបលេខ៣នៅលីគកំពូលឥណ្ឌូនេស៊ីកំពុងរង់ចាំស្រាប់៕