ឈ្មោះបេក្ខភាព ៣រូប ប្រជែងយកពានកីឡាករល្អប្រចាំឆ្នាំ របស់ UEFA គ្មាន Messi ទេ

អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់អឺរ៉ុបបានប្រកាសថ្ងៃចន្ទ ទី២០ ខែសីហា ថា Cristiano Ronaldo, Luka Modric និង Mohamed Salah ស្ថិតក្នុងបញ្ជី ប្រកួតពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA បុន្តែគ្មានឈ្នោះកីឡាករ Messi ឡើយ។
តាមរយៈសារព័ត៌មាន BBC របស់អង់គ្លេសបានចេញផ្សាយថា លទ្ធផលផ្លូវការនឹងប្រកាសឲ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅក្នុងកម្មវិធីចាប់ពូលនៃព្រឹត្តិការណ៍ UEFA Champions League រដូវកាលថ្មីឆ្នាំ២០១៨-២០១៩ នៅទីក្រុង Lyon ប្រទេសបារាំង។



ការសម្រេចនេះ ត្រូវបានធ្វើឡើងដោយការបោះឆ្នោត ក្នុងចំណោមគ្រូបង្វឹក ៨០រូប ដែលបានដឹកនាំក្រុមចូលរួមក្នុងពានរង្វាន់ UEFA Champions League និង UEFA Europa League កាលពីរដូវកាលមុន រួមទាំងអ្នកសារព័ត៌មានចំនួន ៥៥រូប។

សូមបញ្ជាក់ថា តារាឆ្នើមវ័យ ៣៣ឆ្នាំ Cristiano Ronaldo ជាម្ចាស់កំណត់ត្រាស៊ុតចូលច្រើនជាងគេនៅ Champions League រដូវកាលមុន ដោយជាកម្លាំងសំខាន់ក្នុងការជួយ Real Madrid ការពារជើងឯក Champions League ៣សម័យកាល ជាប់គ្នា ស្របពេលគូប្រជែង Mohamed Salah ជាម្ចាស់ស្បែកជើងមាស នៅក្របខណ្ឌកំពូលអង់គ្លេស Premier League ដោយស៊ុតបញ្ចូលទីបាន ៤៤គ្រាប់ច្រើនជាងគេ និងក្រុមហង្សក្រហម Liverpool ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ទោះចាញ់ Real Madrid ៣-១ ក៏ដោយ៕
ការប្រកាសអ្នកឈ្នះសម្រាប់ឆ្នាំ២០១៨នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨៕