Alisson Becker ធ្វើបានយ៉ាងល្អជាមួយនិង Liverpool កាលពីរដូវកាលមុន ដោយបានជួយឲ្យក្លិបរហស្សនាមហង្សក្រហមឈ្នះពាន UEFA Champions League និងឈរចំណាត់ថ្នាក់លេខ២ នៅក្របខណ្ឌ Premier Leauge។

photo of Alisson Becker
Alisson Becker

មិនត្រឹមតែប៉ុណ្ណោះ Alisson បានឈ្នះពានឯកត្តជនជាច្រើនដូចជា អ្នកចាំទីឆ្នើមប្រចាំឆ្នាំ, ជម្រើស ១១នាក់ល្អបំផុត, អ្នកចាំទីល្អបំផុតក្នុងពានរង្វាន់ UEFA Champions League និងស្រោមដៃមាស Premier League។

អ្នកគាំទ្រមួយចំនួនបានជ្រាប និងអ្នកគាំទ្រខ្លះទៀតមិនទាន់បានជ្រាបថា ថ្ងៃទី២ ខែតុលា គឺជាថ្ងៃកំណើតរបស់អ្នកចាំទី Alisson Becker ដែលនៅឆ្នាំ ២០១៩នេះ Alisson មានវ័យ ២៧ឆ្នាំហើយ។

Alisson កើតនៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៩២ នៅភាគខាងត្បូងប្រទេសប្រេស៊ីល។ គេចាប់ផ្ដើមលេងបាល់ដំបូងជាយុវជនថ្នាលរបស់ Internacional កាលពីឆ្នាំ២០០២ មុនតម្លើងមកកាន់ក្រុមធំនៅឆ្នាំ២០១៣។ ដោយទម្រង់នៃការចាប់បាល់គួរឲ្យចាប់អារម្មណ៍ Alisson ត្រូវក្លិប Roma ទិញយកពី Internacional ក្នុងតម្លៃខ្លួន ៧.៥លានអឺរ៉ូកាលពីឆ្នាំ២០១៦។ ក្រោយចំណាយពេល ២ឆ្នាំនៅលើទឹកដីអ៊ីតាលី Alisson ត្រូវបាន Liverpool ទិញយកក្នុងតម្លៃ ៧២លានអឺរ៉ូ ដែលជាតម្លៃថ្លៃបំផុតរបស់អ្នកចាំទីក្នុងប្រវត្តិសាស្រ្តនាពេលនោះ៕