ដើរតាមក្ដីស្រមៃ Tchouameni ចោលលុយធំនៅ PSG មកយកលុយតូចនៅ Real Madrid
ខ្សែបម្រើ Aurenlien Tchouameni បានបដិសេធសំណើថ្លៃពលកម្ម១២លានអឺរ៉ូក្នុងមួយឆ្នាំពីក្លឹប Paris Saint-Germain ដើម្បីទៅចូលរួមជាមួយ Real Madrid។

ប្រាក់ពលកម្មរបស់ Tchouameni ជាមួយក្លឹបថ្មី Real Madrid មិនត្រូវបានប្រកាសឡើយ ប៉ុន្តែបើតាម Marca ឲ្យដឹងថា គេទទួលបាន៦លានអឺរ៉ូក្នុងមួយឆ្នាំ។ មានន័យថា ចំនួននេះខុសគ្នាដល់ទៅ២ដងបើប្រៀបធៀបនឹងសំណើរបស់ PSG ធ្លាប់ផ្ដល់ឲ្យ។
ការបោះបង់ PSG ស្រវាយក Madrid ដោយសារតែកីឡាករវ័យ ២២ឆ្នាំចង់ដើរតាមក្ដីស្រមៃរបស់ខ្លួន។ នៅក្នុងសន្និសីទកាសែត Tchouameni បាននិយាយថា បន្ទាប់ពីបានទស្សនាការលេងវាយបកយកឈ្នះរបស់ Real ក្នុងពានរង្វាន់ Champions League វគ្គចាញ់ធ្លាក់ វាបានជំរុញទឹកចិត្តរបស់គេឲ្យជ្រើសរើស Madrid។
ជាការពិតប្រសិនបើ Tchouameni ទៅលេងនៅ PSG អាចនឹងមិនលំបាកក្នុងការប្រជែងកៅអីលេង។ ប៉ុន្តែសម្រាប់ការមកចូលរួមជាមួយ Madrid គេត្រូវប្រជែងកន្លែងជាមួយកីឡាករចាស់សម្បូរបទពិសោធន៍ដូចជា Toni Kroos, Luka Modric និង Casemiro៕