photo of ក្រុមណាហ្គាវើល
ក្រុមណាហ្គាវើល

ក្លឹប​បាល់ទាត់​ណាហ្គាវើល នៅតែបន្តឈរនៅកំពូលតារាងនៃលីកកំពូលកម្ពុជា បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ដោយ​លទ្ធផល ៣-០ ក្នុង​សប្ដាហ៍​ទី​៥ ដើម្បីទម្លាក់ក្រុមបឹងកេត ឲ្យមកឈរនៅលេខ២វិញនោះ ប៉ុន្តែក្រុមក្រសួងការពារជាតិ (ទ័ព) បានធ្លាក់ចេញពីតំបន់កំពូលតារាងទាំង៤ (Top4) វិញហើយ ខណៈក្រុមវិសាខា ជាអ្នកឡើងមកជំនួស។

ដោយឡែក សម្រាប់ការប្រកួត កាលពីថ្ងៃសៅរ៍ ក្រុម​ការពារ​តំណែង​ជើងឯក បឹងកេត បានបន្តយកឈ្នះក្រុមក្រសួង​ការពារជាតិ ២-០ នៅពហុកីឡដ្ឋានជាតិ ដើម្បីដណ្តើមយកលេខ១ ពីក្រុមណាហ្គាវើល ជាបណ្តោះអាសន្ន ប៉ុន្តែទីតាំងមួយនេះ ត្រូវបានធ្លាក់ទៅលើណាហ្គាវើល វិញ បន្ទាប់ពីណាហ្គាវើល បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៣-០ កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ ដើម្បីយកប្រើលើបឹងកេត តាមរយៈការមានគ្រាប់បាល់ចំណេញច្រើនជាងចំនួន២គ្រាប់ បើទោះបីជា ក្រុមទាំង២នេះ មាន១៣ពិន្ទុស្មើគ្នាទៀត ក៏ដោយ។

ក្រុមណាហ្គាវើល
ក្រុមណាហ្គាវើល

សម្រាប់​គូ​សំខាន់​កាលពី​ថ្ងៃ​អាទិត្យ គឺ​ការ​ប៉ះគ្នា​រវាង ព្រះខ័នរាជ​ស្វាយរៀង និង​ភ្នំពេញក្រោន ឈរ​នៅ​ចំណាត់​ថ្នាក់​ប្រកៀកប្រកិត​គ្នា ពោល​គឺ​លេខ៦ មាន​៨ពិន្ទុ (ព្រះខ័នរាជ​ស្វាយរៀង) និង​លេខ​៧ មាន​៧ពិន្ទុ (ភ្នំពេញ​ក្រោន)។

​មកទល់​សប្ដាហ៍​ទី៥ ក្លឹប​វេស្ទើន​ភ្នំពេញ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នោះ​ទេ ពោល​គឺ​ចាញ់​ទាំង៥​ប្រកួត ដោយ​ការ​ប្រកួត​ចុងក្រោយ​ត្រូវ​បាន​ក្រុម​ភ្ញៀវ វិសាខា លត់​ដោយ​លទ្ធផល ០-៣ នៅ​កីឡដ្ឋាន​វេស្ទើន។

photo of cambodian league
តារាងចំណាត់ថ្នាក់ សប្តាហ៌ទី ៥