ក្រុមហង្សក្រហម Liverpool បានក្លាយជាក្រុមដែលមានជំនាញបញ្ចុះបញ្ចូលកីឡាករថ្មីឲ្យចូលរួមជាមួយពួកគេ ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ ប៉ុន្តែកីឡាករបារាំងម្នាក់ ហាក់មិនពេញចិត្តនឹងសកម្មភាពរបស់ពួកគេទេ ។

photo of Nabil Fekir
Nabil Fekir

គួរបញ្ជាក់ថា Nabil Fekir បានត្រៀមរួចរាល់ក្នុងការផ្លាស់ទៅលេងនៅទឹកដី Anfield កាលពីរដូវក្តៅមុន ប៉ុន្តែការផ្លាស់ប្តូរមួយនេះត្រូវបានបញ្ចប់វិញគួរឲ្យភ្ញាក់ផ្អើល ក្រោយបរាជ័យចំពោះការពិនិត្យសុខភាព ដោយសាររបួសជង្គង់ ។

តែទោះយ៉ាងណា ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានបង្ហើបថាមិនមានអ្វីខុសប្រក្រតីចំពោះជង្គង់របស់គេទេ ហើយពួកគេគ្រាន់តែបានចោទប្រកាន់ ដែលធ្វើឱ្យរូបគេ និងក្រុមគ្រួសារមានការឈឺចាប់យ៉ាងខ្លាំង ។

មិនតែប៉ុណ្ណោះ Fekir បាននិយាយទៅកាន់ L’Equipe ថា ៖ “ ការកុហកជាច្រើនត្រូវបានគេប្រាប់ ហើយវាប៉ះពាល់ដល់ខ្ញុំ ។  ជាពិសេសអ្នកដែលបានប្រាប់អំពីគ្រួសាររបស់ខ្ញុំ ។ វាធ្វើឱ្យពួកគេ និងខ្ញុំឈឺចាប់។ ជាពិសេសនៅពេលអ្នកដឹងថាអ្វីដែលត្រូវបានប្រាប់គឺមិនពិត ” ។

គេបន្តទៀតថា ៖ ” អ្វីដែលត្រូវបានគេនិយាយមិនមែនជាការពិតទេ។ ជង្គង់របស់ខ្ញុំគឺល្អ – ខ្ញុំមានការត្រួតពិនិត្យសុខភាពត្រឹមត្រូវនៅ Clairefontaine  (មូលដ្ឋានបណ្តុះបណ្តាលជាតិរបស់ប្រទេសបារាំង) ។ ប៉ុន្តែទោះបីជាខ្ញុំបានធ្វើការព្យាបាលហើយ បន្ទាប់មក Liverpool សម្រេចចិត្តមិនចុះហត្ថលេខាលើខ្ញុំវិញ ” ៕