photo of ចេន​
តារា​ចម្រៀង ចេន បាន​ក្លាយ​ជាកីឡាករ​ចំណូលថ្មី​របស់​ក្លឹប​បឹងកេត

តារា​ចម្រៀង ចេន បាន​ក្លាយ​ជាកីឡាករ​ចំណូលថ្មី​របស់​ក្លឹប​បឹងកេត បន្ទាប់ពី​បាន​ចុះ​កិច្ចសន្យា​ជាមួយគ្នា​រួចមក។ នេះ​បើតាម​ការ​ប្រកាស​របស់​ក្លឹប​បឹងកេត នៅ​រសៀលថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ។

ការសម្រេចចិត្តបន្ថែមអាជីពជាកីឡាបាល់ទាត់ របស់តារាចម្រៀង Original Song លោក ចេន បានធ្វើឲ្យអ្នកគាំទ្រ មានភាពភ្ញាក់ផ្អើលជាខ្លាំង ព្រោះកន្លងមកគេធ្លាប់តែឃើញ តារាសង្ហាមានសាច់ដុំសង្ហារូបនេះ កាន់មេក្រូ ច្រៀងនៅលើឆាកប្រគំតន្រ្ដី ផ្សេងៗ ប៉ុន្តែស្រាប់តែលោកបានបង្ហាញខ្លួន ក្នុងក្លឹបបឹងកេត ដោយចុះហត្ថលេខាជាមួយក្រុមបាល់ទាត់ដ៏ល្បី មួយនេះប្រចាំកម្ពុជា។

តាមរយៈផេក Boeung Ket Football Club ប្រាប់ឲ្យដឹងថា «សូមស្វាគមន៍ ចេន មកកាន់ក្លឹបបឹងកេត។ ថ្ងៃនេះក្លិបមានកិត្តិយស សូមជម្រាបជូនពីការចុះកិច្ចហត្ថលេខា ជាមួយកីឡាករចំណូលថ្មី ចេន មកចូលរួមជាមួយយើង។ ចេន ត្រូវបានមហាជនស្គាល់ថា ជាតារាចម្រៀងវ័យក្មេង ដែលសំឡេងពីរោះគ្រប់បទចម្រៀងរបស់ ចេន សុទ្ធតែចាក់ចំបេះដូងយុវវ័យនាពេលបច្ចុប្បន្ន និងទទួលបានការគាំទ្រជានិច្ច។ ក្រៅពីអាជីពជាតារាចម្រៀងនៅក្រុម Mustache Band ចេន មានទេពកោសល្យនិងចំណូលចិត្តខ្លាំង លើវិស័យកីឡាជាពិសេសគឺកីឡាបាល់ទាត់តែម្ដង»

ជាមួយគ្នា​នេះ ចេន ក៏​បង្ហាញ​ក្តី​សង្ឃឹមដែរ​ថា អ្នក​គាំ​ទ្រ​ទាំង​អស់​នឹង​ផ្ដល់​កម្លាំង​ចិត្ត​ ដើម្បី​ជំរុញឱ្យ​រូប​គេ​ មាន​ទឹក​ចិត្ត​ក្នុងការ​​វិវឌ្ឍ​ខ្លួន ឱ្យ​​ក្លាយ​ជា​កីឡាករ​អាជីព​យ៉ាង​ពិត​ប្រាកដ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

គួរ​រំលឹក​ថា កាលពីថ្ងៃ​ទី២៨ ខែ​មិថុនា​ ក្លឹប​បឹងកេត ក៏​ទើបតែ​ទទួល​បាន​អ្នកចាំទី​ថ្មី យូក អះអារី របស់​ក្លឹប​ណាហ្គាវើល និង​ខ្សែ​ប្រយុទ្ធ កែ វណ្ណៈ របស់​ក្រសួង​ការពារ​ជាតិ​ផងដែរ៕