យោង​តាម​របាយការណ៍​មួយ​បាន​ចុះ​ផ្សាយ​ថាក្លឹប Consadole Sapporo នៃ​លីគ​កំពូល​ប្រទេស​ជប៉ុនកំពុង​នឹង​បញ្ចុះបញ្ចូល​ឲ្យ​តារា​ឆ្នើម​ត្រៀម​ចប់​កុងត្រា​ជាមួយ Manchester City មួយ​រូប នោះ​គឺ David Silva ឲ្យ​មក​ចូលរួម​នៅ​ក្លឹប​របស់​ខ្លួន​នា​រដូវ​កាល​ក្រោយ។

photo of David Silva
David Silva

អតីត​កីឡាករ​លេង​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ ​ស្ថិត​ក្នុង​រដូវ​កាល​ចុង​ក្រោយ​នៅ Premier League ​ក្រោយ​រួមរស់​ជាមួយ Man City តាំង​តែ​ពី​ឆ្នាំ ២០១០ មក​ម្ល៉េះ។ បន្ទាប់​ពី​សាមី​ខ្លួន​និយាយ​ថា​នឹង​មិន​ទៅ​ចូលរួម​នៅ​ក្លឹប​ក្នុង​ទឹកដី​អង់គ្លេស​ដទៃ ក៏​ជា​ឱកាស​ដែល​លីគ​ក្រៅ​តំបន់​ដូច​ជា MLS របស់​អាមេរិក លីគ​ចិន និង​លីគ​ជប៉ុន​ហាក់​ចាប់​អារម្មណ៍​ជា​ខ្លាំង។

រំឭក​ដែរ​ថា​នៅ​លីគ​ជប៉ុន​ក៏​មាន​កីឡាករ​កំពូល​ឯ​ទៀត​ដូច​ជា David Villa និង Andres Iniesta ដែល​កំពុង​លេង​ឲ្យ​ក្លឹប Vissel Kobe។ សម្រាប់ Consadole ​បច្ចុប្បន្ន​ឈរ​ចំណាត់ថ្នាក់​ទី ៧ ក្នុង​តារាង ចាញ់ ១៦ ពិន្ទុ​ដាច់​បើ​ធៀប​នឹង​ក្រុម​កំពូល​តារាង Kasima Antlers៕