ថ្នាក់ដឹកនាំក្លិបបឹងកេត របស់កម្ពុជា បញ្ចប់ទស្សនកិច្ចសិក្សានៅក្លិបបាល់ទាត់ឈៀងរ៉ៃ ក្នុងប្រទេសថៃ

ក្លិបបឹងកេត សមាជិកពានរង្វាន់លីគកំពូលកម្ពុជា បានជូនដំណឹងដល់អ្នកគាំទ្ររបស់ខ្លួនថាអនុប្រធានក្លឹបបឹងកេត លោក រ៉ាចនាគិត វ៉ាស៊ុណាន់ និងអគ្គលេខារបស់ក្លឹបលោក បែ មករា ព្រមទាំងក្រុមការងារមួយចំនួនទៀតបានទៅធ្វើទស្សនកិច្ចផ្លូវការជាមួយក្លិបបាល់ទាត់ឈៀងរ៉ៃយូរណាយធីត (CHIANG RAI UNITED) សមាជិកពានរង្វាន់លីគកំពូលប្រទេសថៃ។


ដំណើរទស្សនកិច្ចនៅក្លិបស្ថិតក្នុងលីគកំពូលរបស់ប្រទេសថៃនេះមានរយៈពេល២ថ្ងៃក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងក្លិបទាំងពីរក៏ដូចជាសិក្សាស្វែងយល់បន្ថែមលើចំណុចសំខាន់ៗដែលអាចញ៉ាំងឲ្យវិស័យកីឡាមួយនេះកាន់តែមានភាពរីកចំរើន។ បន្ថែមលើនេះទៅទៀតថ្នាក់ដឹកនាំកំពូលនៃក្លិបទាំងពីរនិងបន្ដជួបជជែកពិភាក្សារគ្នាបន្ថែមលើចំណុចជាច្រើនទៀត។

បើតាមដំណឹងមកពីប្រទេសថៃបាន បញ្ជាក់ថាមានក្លិបចំនួន៩នៅលីគកំពូលថៃ កំពុងតែចង់បានកីឡាករ ចាន់ វឌ្ឍនាកា សមាជិករបស់ក្លិបបឹងកេត ទៅចូលរូមក្នុងក្រុម ដោយក្នុងនោះមានក្លិប Chiang Rai United ផងដែរ។ គេមិនទាន់ច្បាស់ថាតើតំណាងក្លិបទាំង២ពិភាក្សាពីរឿងដោះដូរកីឡាកររូបនេះដែរឬទេ ខណៈក្លិបប្រកាសនឹងជម្រាបជូនរឿងលំអិតពីកិច្ចពិភាក្សានេះក្នុងពេលឆាប់ៗ។
សូមរំលឹកថាក្លិបបាល់ទាត់ Chiang Rai United មានមូលដ្ឋាននៅខេត្តឈៀងរ៉ៃ ប្រទេសថៃ។ ក្រុមមួយនេះតែងតែបង្កើតព្យុះភ្លៀងជាច្រើននៅលីគកំពូលថៃជាប្រចាំផងដែរ៕

