photo of អោក សំណាង
លោក អោក សំណាង បានចេញ​មកសុំ​ទោស​ប្រជាជន​ជប៉ុន ក្រោយ​ធ្វើ​ឲ្យ​កីឡាករ​ជប៉ុន​របួស​

លោក អោក សំណាង អគ្គលេខាធិការ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បានចាត់ទុក​ការធ្វើ​ឲ្យ​កីឡាករ​ជប៉ុន Yudai Ogawa រងរបួស​បែក​ក្រដាសត្រចៀក ជា​រឿង​គួរ​ឲ្យ​សោកស្តាយ​បំផុត​សម្រាប់​ក្លិប​។ ទន្ទឹមនឹង​សុំទោស លោក ក៏​ស្នើ​ឲ្យ​ប្រជាជន​ជប៉ុន​លើកលែងទោស ចំពោះ​បញ្ហា​ប៉ះទង្គិច​ដែល​កើតឡើង​ពី​ការខ្វះ​ភាព​អត់​ធ្ង​ត់របស់​កីឡាករ​ខ្លួន​ផងដែរ​។

លោក អោក សំណាង បានបង្ហាញ​អារម្មណ៍​សោកស្តាយ​របស់លោកដោយលោកបានលើកឡើងថា «​រឿង​ដែល​ខ្ញុំ​សោកស្តាយរ​ខ្លាំង​បំផុត គឺ​យើង​ប៉ះពាល់​លើ​កីឡាករ​ជប៉ុន​។ យើង​ដឹង​ហើយ​ថា កីឡាករ​ជប៉ុន​នៅ​អាស៊ី​នេះ​គាត់​មាន​ទេពកោសល្យ​ល្អ ហើយ​ការ​មកលេង​នៅទីនេះ គេ​បានរួម​ចំណែក​ផ្តល់នូវ​បច្ចេកទេស​ល្អៗ​ដល់​កីឡាករ​កម្ពុជា​។ ដូច្នេះ​ពេល​យើង​ប៉ះពាល់​គេ​បែបនេះ ខ្ញុំ​មិន​សប្បាយចិត្ត​នោះទេ​»​។

លោក​បន្ថែមថា​៖«​ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​សុំទោស​ដល់​ប្រជាជន​របស់​ប្រទេស​ជប៉ុន​ទាំងមូល ដែល​បានឃើញ​ហេតុការណ៍​នេះ​។ ព្រោះ​កីឡាករ​យើង​នៅ​ក្មេងខ្ចី ធ្វើ​ឲ្យ​ការគិត​របស់​ពួកគាត់​មិនបាន​វែងឆ្ងាយ​ដែល​នាំ​ឲ្យ​មាន​កំហុស​ដ៏​ធ្ងន់ធ្ងរ​នេះ​កើតឡើង​។ ដូច្នេះ​ខ្ញុំ​សូម​ឲ្យ​ប្រជាជន​និង​ថ្នាក់ដឹកនាំ​ជប៉ុន​មេត្តា​យោគយល់ និង​រក្សា​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​ល្អប្រសើរ​»​។
​ដោយ​មើលឃើញ​ពី​កំហុស ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​បានដាក់​ពិន័យ​ដល់​កីឡាករ​បាន​ប្រព្រឹត្ត​កំហុសឆ្គង​ទាំងនោះ​ផងដែរ តាមរយៈ​កាត់​ប្រាក់ខែ​ពី​៣០​ទៅ​៤០​ភាគរយ​ក្នុង​១​ខែ ដែល​អាចមាន​រយៈពេល​ពី​២​ខែ​រហូតដល់​៦​ខែ ដើម្បី​ជាការ​ព្រមាន​កុំ​ឲ្យ​មាន​ជា​លើក​ទី​២​។ ហើយ​ក្លិប​ព្រមាន​ថា បើ​មាន​អំពើ​បែបនេះ​កើត​ឡើងជា​លើក​ទី​២ ក្លិប​នឹង​ផ្តាច់​កុងត្រា​កីឡាករ​ទាំងនោះ​តែម្តង​។
បញ្ហា​ប៉ះទង្គិច​នេះដែរ ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ​បាន​ពិន័យ​កីឡាករ​របស់ខ្លួន​ចំនួន​ពីររូប ដោយ​បញ្ចប់​កិច្ចសន្យា​ជាមួយ​ខ្សែបម្រើ​កូរ៉េខាងត្បូង Song Chi-hun និង​កាត់​ប្រាក់ខែ​កីឡាករ​ជប៉ុន Yudai Ogawa ចំនួន​ពីរ​ខែ​៕
ប្រភព៖ thmeythmey