ថ្នាក់លើ Chelsea ត្រៀមចូលចរចាជាមួយខ្សែការពារ Eder Militao របស់ Real Madrid
ក្រុមប្រឹក្សាភិបាលរបស់ Chelsea ត្រៀមចូលចរចាជាមួយខ្សែការពារ Eder Militao របស់ Real Madrid តាមសំណើចង់បានរបស់អ្នកចាត់ការលោក Thomas Tuchel នេះបើតាមរបាយការណ៍នៅក្នុងប្រទេស អេស្ប៉ាញ។

ជាការពិតណាស់ នៅដំណាច់រដូវកាលនេះ Chelsea ប្រឈមមុខបាត់បង់ខ្សែការពារឆ្នើម ៣ រូបក្នុងនោះមាន Antonio Rudiger, Andreas Christensen និង Cesar Azpilicueta ដោយសារកុងត្រារបស់ពួកគេផុតកំណត់ ហើយម្យ៉ាងពួកគេក៏នឹងអាចចាកចេញដោយគ្មានតម្លៃខ្លួនផងដែរ។
ជាមួយគ្នានេះ Chelsea កំពុងតែស្វែងរកខ្សែការពារដែលមានគុណភាពមួយចំនួន ដើម្បីជំនួសតំណែងរបស់កីឡាករដែលអាចចាកចេញថ្មីៗនេះក្រុមតោខៀវបានដាក់រ៉ាដាទៅលើខ្សែការពារមួយចំនួនក្នុងនោះមាន Jules Kounde របស់ Sevilla កីឡាករ Pau Torres របស់ Villarreal និង Matthijs de Ligt របស់ Juventus។
ទោះបីយ៉ាងណាក៏ដោយ យោងតាមការចុះផ្សាយរបស់កាសែត Marca បានឱ្យដឹងថា, ក្រុមម្ចាស់ជើងឯកពាន Champions League កំពុងបង្កើនកិច្ចខិតខំដើម្បីចូលចរចាយក Militao ពីក្រុម Real Madrid ស្របតាមសំណើដែលលោក Tuchel ចង់បានខ្សែការពារសញ្ជាតិ ប្រេស៊ីល រូបនេះ ដើម្បីមកពង្រឹងក្រុម៕