ថ្នាក់ដឹកនាំបឹងកេតជួបជជែកជាមួយនាយកគ្រប់គ្រង LA LIGA ប្រចាំអាស៊ីប៉ាស៊ីហ្វ៊ិក

នៅរសៀលថ្ងៃអង្គារទី១៤ខែសីហាឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំក្លិបបឹងកេត រួមមាន អ្នកស្រីប្រធានក្លិប ពុធ ធីតា និង ស្វាមី និងអ្នកចាត់ការ បែ មករា បានបរិភោគអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានល្បីបំផុតមួយក្នុងរាជធានីភ្នំពេញ និងពិភាក្សាគ្នាអំពីរឿងរ៉ាវមួយចំនួនជាមួយលោក Ivan Codina នាយកគ្រប់គ្រង La Liga ប្រចាំតំបន់អាស៊ីអាគ្នេយ, ប្រទេសជប៉ុន, កូរ៉េខាងត្បូង និង អូស្ត្រាលី។
លោក បែ មករា បានបង្ហើបឱ្យដឹងថាតាមរយៈការជួបជជែកគ្នាថ្ងៃនេះ ក្លិបបឹងកេតអាចមានសហប្រតិបត្តិការជាមួយក្រុមហ៊ុន La Liga នាថ្ងៃណាមួយក្នុងពេលអនាគត។ ជំនួបថ្ងៃនេះគ្រាន់តែជាការចាប់ផ្ដើមស្វែងយល់ពីគ្នាទៅវិញទៅមកប៉ុណ្ណោះ មិនទាន់មានអ្វីស៊ីជម្រៅនៅឡើយទេ។
សូមបញ្ជាក់ថា តាំងពីអ្នកស្រី ពុធ ធីតា និងស្វាមី ព្រមទាំងភាគហ៊ុនិកចូលមកគ្រប់គ្រងក្លិបបឹងកេតបន្តពីលោក ស៊ីវ ថា ក្លិបនេះចាប់ផ្ដើមមានគម្រោងនិងសកម្មភាពជាច្រើន រួមទាំងការត្រៀមសាងសង់កីឡដ្ឋានផ្ទាល់ខ្លួននៅខេត្តកំពង់ចាមផងដែរ៕
