អ្នកគាំទ្រនៃក្រុមបាល់ទាត់ជម្រើសជាតិបារាំងដ៏ច្រើនកុះករ បានរៀបចំពិធីជប់លៀងផ្សេងៗនៅតាមដងវិថីនានា ខណៈដែលពួកគេបានអបអរការឈ្នះពាន World Cup ដ៏អស្ចារ្យរបស់ក្រុមខ្លួន។

ក្រុមដែលមានរហស្សនាមថា Les Bleus មួយនេះ បច្ចុប្បន្ន គឺជាម្ចាស់ជើងឯកពិភពលោក ២សម័យកាល ក្រោយពីបានផ្តួលក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងលទ្ធផល ៤-២ ក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃអាទិត្យ។ អ្នកគាំទ្ររាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅ Eiffel Tower និង Champ de Mars ដើម្បីទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិខ្លួន នៅលើផ្ទាំងសំពត់សដ៏ធំ។ ប៉ុន្តែ ស្របពេលដែលអ្នកគាំទ្រកាន់តែច្រើនបានទៅដល់ ប៉ូលិសបានបិទច្រកទ្វាតំបន់នោះសម្រាប់រក្សាសុវត្ថិភាព។

ក្រុមជម្រើសជាតិបារាំង បានក្លាយជាម្ចាស់ជើងឯកពិភពលោកជាលើកទី២ ក្រោយពីបានឈ្នះពាននេះជាលើកទី១កាលពីឆ្នាំ១៩៩៨ នៅលើទឹកដីខ្លួនឯង៕