ខ្សែ​ការពារ​អេស្ប៉ាញ​កីឡាករ Sergio Ramos បាន​ចុះ​កុងត្រា​លេង​ឲ្យ​ក្លឹប​យក្ស​បារាំង​ Paris Saint-Germain ជា​ផ្លូវការ​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ ស្រប​ពេល​ដែល​គ្រប់គ្នា​កំពុង​តែ​ឈូឆរ​រឿង​អង់គ្លេស​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ UEFA Euro 2020។

Sergio Ramos
Sergio Ramos

Ramos បាន​ចុះ​កុងត្រា​រយៈពេល ២ឆ្នាំ ដែល​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ២០២៣។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ កីឡាករ​ចាស់​វស្សា​ជនជាតិ​អេស្ប៉ាញ​មួយ​នេះ​នឹង​បន្ត​ពាក់​លេខ ៤ ដូច​កាល​គេ​លេង​នៅ Real Madrid។ នេះ​បើ​តាម​ការ​លើកឡើង​របស់​គេ​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប PSG។

ខ្សែ​ការពារ​កណ្ដាល​រូប​នេះ​បាន​និយាយ​ថា៖ ” ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ពាក់​អាវ​លេខ ៤ ដោយ​សារ​ខ្ញុំ​មាន​ជំនឿ​ណាស់។ ខ្ញុំ​ពាក់​អាវ​លេខ​៤ហ្នឹង ពេញ​មួយ​អាជីព​បាល់ទាត់​របស់​ខ្ញុំ ហើយ​វា​ជួយ​រក​សំណាង​ឲ្យ​ខ្ញុំ​រហូត។ លេខ​ ៤ ជា​ផ្នែក​មួយ​របស់​ខ្ញុំ​ក្នុង​នាម​ជា​ឯកជន​ភាព ក៏​ដូច​ជា​ក្នុង​ការងារ​។ សម្រាប់​ខ្ញុំ​ បាន​ពាក់​អាវ​លេខ ៤ នៅ​ PSG ជា​កិត្តិយស​មួយ​ ” ។

តាម​ពិត​ទៅ​អាវ​លេខ ៤ ធ្លាប់​មាន​ម្ចាស់​ហើយ​នៅ​ក្លឹប PSG។ មុន​ Ramos ចូល​មក​ ខ្សែ​ការពារ​កណ្ដាល​សញ្ជាតិ​អាល្លឺម៉ង់ Thilo Kehrer ជា​អ្នក​ពាក់​អាវ​លេខ ៤។ កីឡាករ​វ័យ ២៤ឆ្នាំ​រូប​នេះ​សុខ​ចិត្ត​លះ​បង់​អាវ​លេខ ៤ ដើម្បី​ឲ្យ​ Ramos គ្រប់គ្រង៕