photo of ក្រុមណាហ្គាវើល
ក្រុមណាហ្គាវើល ក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជារដូវកាល ២០១៨

ក្រុមបាល់ទាត់ ណាហ្គាវើល បានយកឈ្នះក្រុម វិសាខា ក្នុងលទ្ធផល ២ទល់១ នៅសប្តាហ៍ទី២១ កាលពីម្សិលមិញ នាកីឡដ្ឋានស្តាតចាស់ នឹងបានលើកពានរង្វាន់មិត្តហ្វូនកម្ពុជារដូវកាល ២០១៨ បើទោះបីនៅ ១ប្រកួត ទៀតក៏ដោយ។

ជាមួយគ្នានេះ ក្រុមណាហ្គាក៏បានបន្តផ្តួលក្រុមចំណូលថ្មីវិសាខានាល្ងាចថ្ងៃទី២៣ ខែកញ្ញានេះដោយកីឡាករ  Bisan George រកបានទាំង ២គ្រាប់តែម្នាក់ឯង ចំណែកឯអ្នកចាំទី ស៊ូ យ៉ាទី បានសង្រ្គោះបាល់ពិន័យនៅនាទីទី៨៩ បានសម្រេចជាហេតុនាំឲ្យក្រុមណាហ្គាបានទទួលជ័យជម្នះ ​និងមានពិន្ទុលើសក្រុមបឹងកេត ៤ពិន្ទុតែម្តង ។

តាមរយៈជ័យជម្នះខាងលើ បានធ្វើឲ្យក្រុមណាហ្គាវើល ក្លាយជាជើងឯកជាលើកទី៣ ដោយមិនខ្វល់ពីលទ្ធផលប្រកួតចុងក្រោយ បន្ទាប់ពីឆ្លងកាត់ ២១ប្រកួតឈ្នះ១៧ ស្មើ២ និងចាញ់២ មាន ៥៣ពិន្ទុ ។ ចំណែកគូប្រជែងដ៏សំខាន់ គឺក្រុមបឹងកេត បានត្រឹមខកចិត្ត ក្រោយរកបាន ១ពិន្ទុពីម្ចាស់ផ្ទះអង្គរថាយហ្គឺរ ធ្វើឲ្យ ២១ប្រកួតឈ្នះ១៥ ស្មើ៤ និងចាញ់២ មាន ៤៩ពិន្ទុ ។ ដូច្នេះតាមរយៈពិន្ទុនេះ ទោះបីប្រកួតចុងក្រោយក្រុមបញ្ចប់ដោយបែបណា ក៏មិនអាចកែប្រែលទ្ធផល ដំណើរឆ្ពោះទៅលើកពានរបស់ក្រុមណាហ្គាវើលបានដែរ ។

photo of លីគកំពូលកម្ពុជា
ណាហ្គាវើល ២-១ វិសាខា

សូមបញ្ជាក់ថា បើទោះបីជានៅសល់ ១ប្រកួត ក៏ពិតមែន ប៉ុន្តែ ណាហ្គាវើល មានពិន្ទុលើស ក្រុមលេខ២ ដែលជាអ្នកការពារជើងឯក បឹងកេត រហូលដល់ទៅ ៤ពិន្ទុ ឯណោះ បន្ទាប់ពី បឹងកេត បានត្រឹមស្មើ ២ទល់២ ជាមួយ ក្រុមអង្គរថាយហ្គឺរ ។

គួររម្លឹកដែរថា នេះជាលើកទី៣ហើយសម្រាប់ក្រុមណាហ្គាដែលបានវិលមកកាន់តំណែងជើងឯកលីគកំពូលសាជាថ្មីជាលើកទី៣ បន្ទាប់ពីខកខានគ្រងតំណែងនេះតាំងពីឆ្នាំ២០០៩ មកម្ល៉េះ និងកាលពីលើកទី១ គឺនាឆ្នាំ២០០៧ កន្លងមក ៕