photo of ឃួន ឡាបូរ៉ាវី
ឃួន ឡាបូរ៉ាវី ចេញពីបឹងកេតទៅចូលរួមក្លិបនៅប្រទេសថៃ

តារាជើងចាស់នៃក្រុមជម្រើសជាតិកម្ពុជា ឃួន ឡាបូរ៉ាវី បានឈានដល់ការព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនដើម្បីចូលរួមក្លិប Surat Thani FC នៅប្រទេសថៃ សម្រាប់ជុំទី២នៃរដូវកាល២០១៨។

ប្រធានក្រុមបឹងកេតដែលនឹងឈានចូលវ័យ៣០ឆ្នាំនាខែសីហាខាងមុខ អះអាងថាក្លិបថៃមួយនេះចង់បានរូបគេខ្លាំងនិងធានាកៅអីជម្រើស១១នាក់ដំបូងជាប់លាប់ដល់រូបគេ។

ម្ចាស់ស្បែកជើងមាសមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៣និងស្បែកជើងមាសពានរង្វាន់សម្ដេចហ៊ុនសែនឆ្នាំ២០១១,២០១២,២០១៤និង២០១៧ និយាយថា៖ «ខ្ញុំចង់សាកល្បងលេងនៅក្រៅប្រទេស តែក៏មិនចង់បានត្រឹមអង្គុយមើលការប្រកួតដែរ គឺខ្ញុំចង់លេងក្នុងជម្រើស១១នាក់ដំបូង។ គ្រូបង្វឹកចង់បានខ្ញុំនិងធានាកៅអីជម្រើសដំបូងដល់ខ្ញុំ»។

អតីតកីឡាករជម្រើសខេត្តកំពង់ចាមនិងក្លិបព្រះខ័នរាជស្វាយរៀង ដែលបានទៅធ្វើតេស្តនៅក្លិបនៃលីគកំពូលថៃ Ratchaburi Mitr Phol ម្ដងក្នុងខែមេសាកន្លងទៅ បន្ថែមថាគ្រូបង្វឹក Monthien Morrakot ចង់ឱ្យខ្លួនចូលលេងប្រកួតដំបូងនៅថ្ងៃទី៩ខែមិថុនា ដែលជាការប្រកួតទី១នៃជុំទី២ក្នុងក្របខ័ណ្ឌ Thai League 3។ ក្លិប Surat Thani FC កំពុងប្រកួតប្រជែងក្នុងលីគទី៣ប្រទេសថៃ៕

photo of ឃួន ឡាបូរ៉ាវី
ឃួន ឡាបូរ៉ាវី ចេញពីបឹងកេតទៅចូលរួមក្លិបនៅប្រទេសថៃ

ប្រភព៖ keiladaily