ទីបំផុត! ចាន់ វឌ្ឍនាកា ចូលរួមជាមួយ បឹងកេត ច្រានចោលក្លិបបរទេស

នៅទីបំផុត កីឡាករ ចាន់ វឌ្ឍនាកា សមាជិកក្រុមជម្រើសជាតិកម្ពុជា ដែលទើបតែផ្តាច់កិច្ចសន្យាជាមួយក្លិប Pahang FA សមាជិកពានរង្វាន់លីគកំពូលម៉ាឡេស៊ី នាពេលកន្លងទៅ នៅពេលនេះបានសម្រេចចិត្តចូលរួមជាមួយក្រុមចាស់បឹងកេត វិញហើយ បើទោះបីជាមានការចចារពីក្លិបបរទេសមួយចំនួនក៏ដោយ។
ជាមួយគ្នានេះ លោកស្រីប្រធានក្លឹបក៏បានបញ្ជាក់ដែរថា វត្តមានរបស់ វឌ្ឍនាកា គឺសញ្ញាវិជ្ជមានមួយសម្រាប់ក្លឹបស្របពេលដែលបេះដូងរបស់កីឡាកររូបនេះនៅជាមួយបឹងកេតជានិច្ច ។ លោក បែ មករា អ្នកចាត់ការទូទៅក្លឹប បានបន្ថែមថា សម្រាប់ជើងទី២ នៃលីគកំពូលកម្ពុជានេះ CV 11 នឹងបន្តជួយក្លឹបបឹងកេត ប៉ុន្តែក្លឹបក៏នឹងផ្តល់ឱកាសឱ្យរូបគេចូលរួមជាមួយនឹងបណ្តាក្លឹបបរទេសផងដែរនោះនាពេលខាងមុខ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ក្លឹបបឹងកេត នារសៀលថ្ងៃសៅរ៍នេះ ចាន់ វឌ្ឍនាកា បាននិយាយថា” មានហេតុផល៣យ៉ាងដែលខ្ញុំសម្រេចមកបន្តអាជីពនៅកម្ពុជាវិញព្រោះ ទី១.ខ្ញុំមើលឃើញសក្ដានុពលរបស់លីគកំពូលកម្ពុជា បច្ចុប្បន្ន មានក្រុមដែលអាចប្រកួតប្រជែងគ្នាច្រើន ទី២.ខ្ញុំឃើញចក្ខុវិស័យ និងមានឆន្ទៈខ្ពស់របស់ថ្នាក់ដឹកនាំក្នុងការដឹកនាំក្លិប និងទី៣.គឺក្រុមទាំងមូល មានឆន្ទៈចង់ឈ្នះលីគកំពូលកម្ពុជា ដែលធ្វើឲ្យខ្ញុំមានឆន្ទៈចង់បានលេងនៅកម្ពុជាវិញ”។
គួរបញ្ជាក់ដែរថា ការចូលរួមជាផ្លូវការនេះ បានបញ្ចប់ពាក្យចចាមអារ៉ាមកន្លងមក ថារូបគេនឹងទៅលេងនៅក្រៅស្រុក ខណៈដែលកីឡាករដែលដើមកំណើតមកពីខេត្តកំពតរូបនេះធ្លាប់បានបញ្ជាក់ថា ខ្លួនកំពុងចរចាជាមួយក្លឹបបរទេស ហើយខិតជិតដល់ដំណាក់កាលព្រមព្រៀងហើយ ប៉ុន្ដែមិនទាន់បង្ហើបពីឈ្មោះក្លឹប ឬប្រទេស ដែលខ្លួនត្រូវបន្ដអាជីពក្រៅស្រុកនោះទេ ហើយរូបគេក៏បានសង្កត់ធ្ងន់ថា សម្រាប់ជើងទី២ ក្នុងឆ្នាំ២០១៨ ខ្លួននឹងបន្ដលេងក្រៅស្រុក មិនទាន់វិលត្រឡប់មកចូលរួមជាមួយក្លឹបនៃលីគកំពូលកម្ពុជានោះឡើយ ៕