ទីបំផុត! វឌ្ឍនាកា រកបានគ្រាប់ដំបូងរបស់ខ្លួនឲ្យ Pahang FA ហើយ

ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា របស់កម្ពុជា អាចរកគ្រាប់បាល់ដំបូងរបស់ខ្លួនបានហើយ នៅក្នុងជំនួបសប្តាហ៍ទី៩ នៃក្របខណ្ឌកំពូលប្រទេសម៉ាឡេសុី កាលពីថ្ងៃសៅរ៍ កន្លងទៅ គ្រាប់បាល់ដំបូងរបស់ក្រុមម្ខាស់ផ្ទះ Pahang FA គឺជារបស់កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា ខណ:កាលនោះលទ្ធផល បានត្រឹមស្មើគ្នា ២ទល់២ ជាមួយ Kedah។
ត្បិតតែមិនមែនជាគ្រាប់បាល់ល្អឥតខ្ចោះមែន ប៉ុន្តែ១គ្រាប់នេះជាគ្រាប់បាល់ដំបូងរបស់ វឌ្ឍនាកា ហើយជាមួយក្រុម Pahang នៅលីគកំពូលម៉ាឡេស៊ី។ ១គ្រាប់របស់កីឡាករពាក់អាវលេខ១១នេះធ្វើបាននៅនាទីទី១០ ដោយរូបគេបោះបាល់ទៅមិត្តរួមក្រុម ប៉ុន្តែប៉ះជើងកីឡាករ Kedah ចូលទីតែម្ដង។
បើតាមវីដេអូ យើងមើលឃើងថា ជាគ្រាប់ទាត់បញ្ចូលទីខ្លួនឯងរបស់កីឡាករ Kedah តែសហព័ន្ធបាល់ទាត់ម៉ាឡេសុីសម្រេចឲ្យកីឡាករ ចាន់ វឌ្ឍនាកា វិញ ដោយចាត់ទុកថា កីឡាករកម្ពុជារូបនេះ ទាត់ឲ្យបុកជើងខ្សែការពាររបស់គូប្រកួត។