Arsenal ត្រូវ​បាន​រាយការណ៍​ថា​បាន​បញ្ចប់​ការ​​ចុះ​កុងត្រា​​​ផ្ទេរ​យក Gabriel Jesus ហើយ បន្ទាប់​ពី​បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ខ្សែ​ប្រយុទ្ធ​របស់ Manchester City ខាង​លើ។

Gabriel Jesus
Gabriel Jesus

ក្លឹប​កាំភ្លើង​ធំ​​​បាន​យល់​ព្រម​លើ​តម្លៃ​ខ្លួន​ផ្ទេរ​៤៥​លាន​ផោន​ជាមួយ City ហើយ​កិច្ចព្រមព្រៀង​ពេល​នេះ​សម្រេច​បាន​១០០%​ហើយ។​ Jesus ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​ Mikel Arteta ពេល​​ដែល​លោក​ជា​​ជំនួយការ​នៅ City នឹង​ចុះ​កុងត្រា​រយៈពេល​៤​ឆ្នាំ​ជាមួយ Arsenal។

កិច្ចព្រមព្រៀង​នេះ​នឹង​បញ្ចប់​ការ​ស្វែងរក​ខ្សែ​ប្រយុទ្ធ​សម្រាប់ Arsenal បន្ទាប់​ពី​ការ​ចាកចេញ​របស់​ Alexandre Lacazette ដែល​ទៅ​ចូលរួម​ជាមួយ Lyon។ Arsenal សម្រេច​ចិត្ត​មិន​ទិញ​ខ្សែ​ប្រយុទ្ធ​កាល​ពី​​ទីផ្សារ​ដោះដូរ​កីឡាករ​​ខែ​មករា ត្បិត​ Pierre-Emerick Aubameyang ទៅ​ចូលរួម​ជាមួយ Barcelona។

ការ​លក់​ Jesus នៅ​ពេល​នេះ​ ស្របពេល​ដែល Man City ទើប​តែ​​យល់​​លើ​កិច្ចព្រមព្រៀង​ជាមួយ​ខ្សែ​បម្រើ​របស់ Leeds United កីឡាករ Kalvin Phillips ក្នុង​តម្លៃ​ខ្លួន​៤២​លាន​ផោន។ ក្រុម​លោក Pep Guardiola បាន​​ផ្ទេរ​យក Erling Haaland ពី Dortmund ទើប​ធ្វើ​ឲ្យ​ពួក​គេ​​សម្រេច​លក់ Jesus ចេញ៕