ការត្រលប់របស់ Paul Pogba មកចូលរួមលេងក្នុងក្រុម Manchester United ត្រូវបានពន្យារពេលសារជាថ្មី ដោយសារតែរូបគេមានជំងឺ នេះបើតាមការបញ្ជាក់របស់គ្រូបង្វឹក Ole Gunnar Solskjaer។

Paul Pogba
Paul Pogba

ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ ពុំបានចូលរួមលេងសំរាប់ Man United ចាប់តាំងពីជំនួប ១-១ ទល់នឹង Arsenal នៅទឹកដី Old Trafford កាលពីថ្ងៃទី ៣០ខែកញ្ញា ដោយសារតែបញ្ហារបួសជង្គង់ ដែលត្រូវការការវះកាត់។

ជាលទ្ធផលរូបគេត្រូវខកខាន ១០ប្រកួតជាប់គ្នានៅ Premier League ក៏ដូចជានៅ Europa League ផងដែរ សំរាប់ Man United។

Pogba ត្រូវបានអនុញ្ញាតឲ្យ ចូលរួមពិធីមង្គលការរបស់បងប្រុសខ្លួន នៅទីក្រុងប៉ារីសកាលពីថ្ងៃសុក្រ ប៉ុន្ដែបានឈឺនៅថ្ងៃបន្ទាប់ ដែលធ្វើឲ្យរូបគេត្រូវខកខាន ការប្រកួត Carabao Cup របស់ Man United ទល់នឹងក្រុម Colchester នៅថ្ងៃពុធ។

លោក Solskjaer បាននិយាយថា៖ “Paul កំពុងតែមានជំងឺនាពេលនេះ។ គេត្រូវសំរាករយៈពេល ២ ទៅ ៣ថ្ងៃ ប្រហែលជា៣ថ្ងៃ ដូច្នេះវាមិនល្អនោះទេ។ ប្រហែលជាគេត្រូវសំរាកមួយរយៈទៀត។ ដូចដែលខ្ញុំបាននិយាយជាច្រើនដងមកហើយ Paul គឺជាកំពូលកីឡាករ ដែលយើងចង់ឃើញ គេលេងបានល្អនៅ Man United។”