ទើបត្រឡប់ពីរបួស លេងមិនទាន់បានមួយប្រកួតផង Mohamed Salah រងរបួសជាថ្មីទៀត
Mohamed Salah បានរងរបួសកជើងសារជាថ្មី ក្នុងការប្រកួតដែល Liverpool បានយកឈ្នះលើ Tottenham Hotspur ២-១ នៅកីឡដ្ឋាន Anfield កាលពីយប់មិញ បន្ទាប់ពីរូបគេទើបត្រឡប់ពីរបួស ក្រោយអវត្តមានប្រកួតមុន។

គួររំលឹកថា Salah បានរបួសកជើង និងបានអវត្តមានកាល Liverpool ប្រកួតស្មើ ១-១ ទល់នឹង Manchester United នៅ Old Trafford សប្តាហ៍មុន។ ប៉ុន្តែពេលត្រឡប់មកប៉ះ Spurs យប់មិញ ខ្សែប្រយុទ្ធរូបនេះ បានបង្ហាញអាការៈឈឺចាប់នៅរបួសចាស់កជើងដដែល នៅចុងម៉ោង និងត្រូវដូរជំនួសដោយ Joe Gomez។ ទោះយ៉ាងណា អ្នកចាត់ការ Jurgen Klopp យល់ថា របួស Salah មិនធ្ងន់ធ្ងរនោះទេ។

អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានប្រាប់ដល់ Sky Sports ថា៖ “វាមិនមែនជាបញ្ហាធំដុំទេ គ្រាន់តែជាបញ្ហាកជើងបន្តិចបន្តួចលើរបួសចាស់របស់គាត់”។
Liverpool នឹងត្រូវបើកទ្វារកីឡដ្ឋាន Anfield ជាបន្ត ដើម្បីស្វាគមន៍ Arsenal នៅពាន Carabao Cup ជុំទី៤ នាថ្ងៃពុធ មុនពេលប៉ះ Aston Villa នៅ Premier League៕