ទោះឈរកំពូលតារាងក៏លោក Pep និយាយថាក្រុមខ្លួនអន់ជាងក្រុម Liverpool
ឈានមកដល់ពាក់កណ្តាលផ្លូវនៃការប្រកួតក្របខណ្ឌ Premier League រដូវកាល ២០២១-២០២២ នេះយើងឃើញថាមានក្រុម ៣ កំពុងតែប្រកួតប្រជែងគ្នាស្វិតស្វាញមែនទែនក្នុងនោះមានក្រុមការពារតំណែងជើងឯក Manchester City, Chelsea និង Liverpool។

គួរបញ្ជាក់ថា នៅខណៈពេលនេះក្រុម Man City កំពុងឈរនៅលើកំពូលតារាងមាន ៤៧ ពិន្ទុក្នុងដៃចំណែកឯក្រុម Liverpool លេខ ២ និងក្រុម Chelsea លេខ ៣ មាន ៤១ ពិន្ទុស្មើគ្នាប៉ុន្តែយ៉ាងណាខាងក្រុម ហង្សក្រហម ហាក់មានតែមលើជាងបន្តិច ដោយសារពួកគេនៅសល់មួយប្រកួតក្នុងដៃ។
ទោះបីយ៉ាងណាក៏ដោយ លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Man City ក៏នៅតែមិនទាន់មានមោទកភាពសម្រាប់ក្រុមខ្លួនឯងនៅឡើយដែរ ហើយលោកបានអះអាងថា ក្រុមរបស់លោកគឺមិនទាន់ឈានដល់កម្រិតរបស់ក្រុមគូប្រជែង Liverpool ទេ។
ទាក់ទងនឹងរឿងខាងលើលោក Guardiola បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “ពួកយើងមិនអាចធ្វើការវាយបកលឿនៗបានទេ។ ពួកយើងមិនមែនជា Liverpool ឡើយ។ ពួកគេបានឈានដល់កម្រិតកំពូលហើយ ចំណែកយើងវិញគឺធ្វើមិនដូចក្រុមពួកគេទេ។ យើងមិនដឹងពីអ្វីដែលយើងត្រូវធ្វើទេ។ យើងគ្រាន់តែដឹងថា យើងត្រូវធ្វើដំណើរទៅមុខធ្វើដំណើរទៅមុខធ្វើដំណើរទៅមុខ ហើយនិងលេងបាល់” ៕