ទោះឈ្នះ បឹងកេត យប់មិញតែ គ្រូ Ceres Negros ថាការឈ្នះនេះមានឧបសគ្គ ២យ៉ាង

ទោះជាបានយកឈ្នះក្រុមបឹងកេតអែហ្វស៊ីរបស់កម្ពុជាជាមួយលទ្ធផល ៤-០ ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ជើងឯកអាស៊ី AFC Cup 2018 ប្រចាំពូលF នៅលើទីលានពហុកីឡដ្ឋានជាតិកាលពីយប់មិញ គ្រូបង្វឹកក្រុម Ceres Negros លោក Risto Vidakovic បានលើកឡើងថា ជ័យជម្នះនេះមិនមែនកើតឡើងដោយស្រួលនោះទេ ដោយសារមានឧបសគ្គ ២យ៉ាងធ្វើឲ្យកូនក្រុមខ្លួនជួបការលំបាក។
លោក Risto Vidakovic បាននិយាយក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតថា ការប្រកួតក្រោមអាកាសធាតុក្ដៅលើទីលានស្មៅសិប្បនិម្មិត បានធ្វើឲ្យកូនក្រុមខ្លួនឆ្លងកាត់ឧបសគ្គជាច្រើន ទម្រាំយកឈ្នះក្រុមម្ចាស់ផ្ទះបឹងកេត។ ប៉ុន្តែយ៉ាងណាលោករីករាយចំពោះលទ្ធផលនេះ ដែលធ្វើឲ្យក្រុមរបស់ខ្លួនមានឱកាសកាន់តែខ្ពស់ក្នុងការឈានទៅវគ្គបន្ដ។ ទន្ទឹមជាមួយគ្នាលោកក៏បានក្រើនរំលឹកឲ្យកូនក្រុម បន្ដការខិតខំប្រឹងប្រែង ដើម្បីត្រៀមការប្រកួតសំខាន់ចុងក្រោយជាមួយក្រុម Home United របស់សិង្ហបុរីផងដែរ។ ដោយឡែកលោក កែវ កុសល គ្រូបង្វឹកក្រុមបឹងកេតអែហ្វស៊ីបានបញ្ជាក់ថា ការប្រកួតនេះកូនក្រុមរបស់លោកបានព្យាយាម និងប្រឹងប្រែងអស់ពីសមត្ថភាពហើយ ហើយលោកក៏ទទួលយកនូវលទ្ធផលបរាជ័យ ក្រោមថ្វីជើងក្រុមជើងខ្លាំងហ្វីលីពីនជាលើកទី២ នេះផងដែរ។
