photo of Danilo
ខ្សែការពារ Danilo បានសំរេចការផ្ទេរមកចូលរួមជាមួយនឹង Juventus ជាផ្លូវការ

ខ្សែការពារ Danilo បានសំរេចការផ្ទេរមកចូលរួមជាមួយនឹង Juventus ជាផ្លូវការ បន្ទាប់ពីមានការដោះដូរជាមួយនឹង កីឡាករ Joao Cancelo ទៅកាន់ Manchester City។

កីឡាករប្រេស៊ីលរូបនេះ ធ្លាប់លេងអោយក្លឹប Atletico Mineiro, Santos, Porto, Real Madrid, Manchester City និងបច្ចុប្បន្ន សំរាប់ក្លឹបសេះបង្កង់ ហើយរំពឹងថា បន្ដការឈ្នះពាននៅទឹកដីអ៊ីតាលី។​តាំងពីចាប់ផ្ដើមក្លាយជាជាកីឡាករអាជីពរួចមក Danilo បានឈ្នះពានសរុប ១៦លើករួចមកហើយ។ ខ្សែការពាររូបនេះ ឈ្នះពាន Paulista និង Copa Libertadores ជាមួយ Neymar កាលពីលងនៅ Santos។

ហើយបន្ទាប់ពីផ្លាស់មកកាន់ព័រទុយហ្គាល់ រូបគេបានឈ្នះពាន Liga NOS បានពីរលើក មុនពេលឈ្នះពាន LaLiga, Champions League ២លើក, UEFA Super Cup និង Club World Cup ជាមួយ Real Madrid។

នៅពេលដែលផ្លាស់ទៅលេងនៅលីគកំពូលអង់គ្លេស កីឡាករវ័យ២៨ឆ្នាំរូបនេះ បានជួយអោយ Man City ឈ្នះពាន Premier League ២លើក Carabao Cup ២លើក Community Shield ពីរលើក និង FA Cup ម្ដងផងដែរ។ ក្រៅពីនេះ Danilo ធ្លាប់លើកពាន U20 Copa America និង U20 World Cup ជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីល បូករួមជាមួយនឹងមេដាយប្រាក់ នៅក្នុងការប្រកួត អូឡាំពិក កាលពីឆ្នាំ ២០១២ ថែមទៀតផង។

ថ្វីដ្បិតតែ អ្នកគាំទ្រ Juventus ជាច្រើនមានការខឹងសម្បារចំពោះក្លឹប ដែលលក់ Cancelo ហើយប្ដូរទៅជា Danilo វិញ ប៉ុន្ដែពួកគេមិនប្រហែលជាមិនដែលដឹងថា កីឡាករប្រេស៊ីល ធ្លាប់ជាកីឡាករឆ្នើមសំរាប់ក្រុមប្រេស៊ីល Santos ហើយ រូបគេមានតំណែងសំខាន់សំរាប់ក្លឹប Porto ផងដែរ។

ប៉ុន្ដែ ការផ្ទេរមកកាន់ទឹកដី Santiago Bernabeu បានធញវើអោយរូបគេបាត់បង់កេរ្ដិ៍ឈ្មោះដែលគេធ្លាប់សាងកន្លងមក ដោយពិបាកនៅក្នុងការប្រជែងតំណែងជាមួយនឹង Dani Carvajal ក្នុងតំណែងជាខ្សែការពារស្លាបស្ដាំ ហើយ ត្រូវលេងជាកីឡាករបម្រុងជំនួស Marcelo នៅស្លាបខាងឆ្វេង។

នៅឆ្នាំ ២០១៧ រូបគេបានសំរេចចិត្តផ្លាស់មកចូលរួមជាមួយនឹង Manchester City ក្នុងតំលៃខ្លួន ៣០លានអឺរ៉ូ ប៉ុន្ដែ ខ្សែការពាររូបនេះក៏មិនសូវទទួលបានឱកាសចូលលេងផងដែរ។ Danilo បានបង្ហាញខ្លួន ៦០ប្រកួត ហើយ២០ប្រកួតនៅក្នុងចំណោមនោះគឺលេងជាកីឡាករបម្រុង៕