លោក ភា សុភក្ត្រា គ្រូបង្គោលក្លិបបាល់ទាត់ក្រសួងការពារជាតិ ប្រាប់ CNCC ថា ការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយភ្នំពេញក្រោននៅថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា នៅ RSN វេលាម៉ោង៤ល្ងាចនេះ មានចំណុចសំខាន់៣យ៉ាង។

photo of ភា សុភក្ត្រា
លោក ភា សុភក្ត្រា គ្រូបង្គោល ក្លិបបាល់ទាត់ក្រសួងការពារជាតិ

គ្រូបង្វឹកក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០១៨ លម្អិតបែបនេះ ៖” ទី១ ត្រៀមទៅចូលរួមពានរង្វាន់មួយនៅខេត្តណាន់នីង ប្រទេសចិនខាងមុខនេះ។ ទី២ ដោយសារឆ្នាំនេះឈុតធំបាននាំចូលកីឡាករកម្រិតយុវជនរបស់ខ្លួនច្រើន អ៊ីចឹងក៏ជាឱកាសផ្សំពួកគាត់បណ្តើរៗទៅនឹងបរិយាកាស របត់លេងរបស់ក្រុមធំ និងយល់ចិត្តគ្នាកាន់តែច្រើន។ ម្យ៉ាងទៅចិនលើកនេះត្រូវយកក្មេងៗ៤នាក់ទៅជំនួសអ្នកជាប់ជម្រើសជាតិ៤នាក់។ ទី៣ ក៏មានកីឡាករមួយចំនួនមកធ្វើតេស្តដែរ”។

ក្លិបបាល់ទាត់ក្រសួងការពារជាតិ
ក្លិបបាល់ទាត់ក្រសួងការពារជាតិ
លោក ភា សុភក្ត្រា ឲ្យដឹងថា ការប្រកួតពានរង្វាន់អន្តរជាតិនៅខេត្តណាន់នីង ប្រទេសចិននេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ដោយមានការចូលរួមពីក្លិប Than Quang Ninh របស់វៀតណាម, ក្លិបថៃ Police Tero Sasana និងក្រុមសាកលវិទ្យាល័យមួយមកពីថៃ។ 
គួរដឹងដែរថា ជំនួបនៅល្ងាចថ្ងៃសៅរ៍ នេះក៏ជាការប្រកួតលើកដំបូងសម្រាប់លោក Leonardo Vitorino គ្រូបង្គោលថ្មីក្លិបភ្នំពេញក្រោនផងដែរ៕
អត្ថបទ៖ CNCC