ខ្សែប្រយុទ្ធ Lionel Messi បាន​និយាយ​ថា វា​ពិត​ជា​មាន​អារម្មណ៍​ប្លែក​មែនទែន ពេល​ដែល​មាន Sergio Ramos ជា​មិត្តរួម​ក្រុម​នៅ​ក្លឹប Paris Saint-Germain។

Lionel Messi នឹង Sergio Ramos
Lionel Messi នឹង Sergio Ramos

Messi និង Ramos ធ្លាប់​ជា​គូប្រជែង​នឹង​គ្នា​នៅ​ក្នុង​បាល់ទាត់​ប្រទេស​អេស្ប៉ាញ ពេល​ដែល​ពួក​គេ​ជា​កីឡាករ​របស់ Barcelona និង Real Madrid។ ប៉ុន្តែ​នៅ​ពេល​នេះ ពួក​គេ​បាន​មក​ចូលរួម​ជាមួយ PSG ដោយ​​គ្មាន​តម្លៃ​ខ្លួន​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ។

Ramos បាន​រង​របួស​ ចាប់​តាំង​ពី​​ចាប់​ផ្ដើម​រដូវ​កាល ប៉ុន្តែ​គ្រោង​នឹង​បង្ហាញ​ខ្លួន​ឆាប់​ៗ​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។ មិត្តរួម​ក្រុម Messi បាន​និយាយ​ថា គេ​មាន​អារម្មណ៍​ធម្មតា​វិញ​ហើយ​​​ក្នុង​ការ​លេង​ជាមួយ Ramos បន្ទាប់​ពី​ចម្លែក​អារម្មណ៍​អស់់ 2 ទៅ 3 ​ខែ។

និយាយ​ប្រាប់ Marca ពេល​សួរ​ តើ​មាន​អារម្មណ៍​ប្លែក​បែប​ណា​​អំពី​ការ​លេង​ជាមួយ Ramos កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​បាន​និយាយ​ថា៖ “ពេល​នេះ​មិន​អី​ទេ។ ប៉ុន្តែ​កាល​ពេល​ដំបូង​ៗ វា​ពិត​ជា​ប្លែក​អារម្មណ៍​ បន្ទាប់​​ពី​ធ្លាប់​ជា​គូប្រជែង​អស់​ជា​ច្រើន​ឆ្នាំ និង​ប៉ះទង្គិច​​គ្នា​ជា​ច្រើន​ដង​លើ​ទីលាន”។

ក្នុង​ជំនួប PSG ចាញ់ Man City លិទ្ទផល 2 ទល់នឹង 1 ខណះខ្សែការពារ Ramos បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង​ប៉ុណ្ណោះ ខណៈ Messi បាន​ចូល​លេង​ពេញ​តង់៕