នីហ្សេរីយ៉ា ស៊ី អ៊ីស្លង់ ២-០ យប់មិញបន្តក្តីសង្ឃឹមដល់អាហ្សង់ទីន នៅ World Cup

ការស៊ុតបញ្ចូលទី២គ្រាប់របស់ខ្សែប្រយុទ្ធ Ahmed Musa មកពីក្លឹប Leicester City មិនត្រឹមតែជួយឲ្យនីហ្សេរីយ៉ាឈរលេខ២បណ្ដោះអាសន្នប៉ុណ្ណោះទេ ប៉ុន្តែជ័យជម្នះលើអ៊ីស្លង់នេះថែមទាំងជាក្តីសង្ឃឹមដល់អាហ្សង់ទីនក្នុងការឡើងវគ្គបន្តទៀតផង។
២គ្រាប់របស់ក្រុមមកពីទ្វីបអាហ្រ្វិកនេះ រកបានទាំង២គ្រាប់ដោយកីឡាករ Musa នៅនាទី៤៩ និងនាទី៧៥ ខណៈដែលអ៊ីស្លង់ ក៏មានឱកាសសឹងនឹងរកគ្រាប់បាល់បាន១គ្រាប់សងវិញដែរ ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ ប៉ុន្ដែធើ្វមិនបានសម្រេចទៅវិញ ដោយខែ្សប្រយុទ្ធរបស់ក្រុម Everton កីឡាករ Sigurdsson។
៣ពិន្ទុដំបូងនេះ បានធ្វើអោយក្រុមមកពីទ្វីបអាហ្រ្វិក នីហ្សេរីយ៉ា ឡើងឈរនៅលេខ២ បណ្តោះអាសន្នក្នុងពូល D ដែលធ្វើអោយអាហ្សង់ទីន មានសង្ឃឹមឡើងវិញ ក្នុងការឈ្នះកៅអីទៅវគ្គ១៦ក្រុម ។

លក្ខខណ្ឌដាច់ខាត២យ៉ាងដែលអាហ្សង់ទីនអាចឡើងទៅវគ្គបន្ត ដែលនឹងត្រូវកាត់សេចក្ដីនៅជុំទី៣៖
លក្ខខណ្ឌទី១៖ អាហ្សង់ទីន ត្រូវឈ្នះ នីហ្សេរីយ៉ាដាច់ខាត ហើយ អ៊ីស្លង់ ត្រូវចាញ់ ឬ ស្មើក្រូអាត
បើអ៊ីស្លង់ចាញ់ តារាងពិន្ទុនឹងប្រែប្រួលគឺ ក្រូអាត៩ពិន្ទុ អាហ្សង់ទីន៤ពិន្ទុ នីហ្សេរីយ៉ា៣ពិន្ទុ អ៊ីស្លង់១ពិន្ទុ។ បើអ៊ីស្លង់ស្មើ តារាងក្នុងពូល D ពីលេខ១ដល់លេខ៤ក៏មិនប្រែប្រួលដែរ ពោលគឺ ក្រូអាត និង អាហ្សង់ទីននឹងដឹកដៃគ្នាទៅវគ្គបន្ត។
លក្ខខណ្ឌទី២៖ បើអ៊ីស្លង់ឈ្នះក្រូអាត ហើយ អាហ្សង់ទីនឈ្នះនីហ្សេរីយ៉ា
លក្ខខណ្ឌនេះ អ៊ីស្លង់ និង អាហ្សង់ទីន មាន៤ពិន្ទុដូចគ្នា ប៉ុន្តែខុសគ្រាប់ស៊ុត។ បច្ចុប្បន្នអាហ្សង់ទីនជាក្រុមបាតតារាងក្នុងពូលD ដោយជំពាក់គ្រាប់ស៊ុតចំនួន ៣ គ្រាប់ ខណៈអ៊ីស្លង់ជំពាក់គ្រាប់ស៊ុតតែ២គ្រាប់។ ដូច្នេះ ក្នុងន័យនេះ អាហ្សង់ទីនអាចឡើងទៅវគ្គបន្តបានលុះត្រាណាស៊ុតបញ្ចូលទីច្រើនជាងអ៊ីស្លង់យ៉ាងហោចណាស់១គ្រាប់។ ឧទាហរណ៍ បើអ៊ីស្លង់យកឈ្នះក្រូអាត ១-០ អាហ្សង់ទីន ដាច់ខាតត្រូវឈ្នះនីហ្សេរីយ៉ា ២-០៕