បកស្រាយចម្ងល់រឿង Messi ឈ្នះពាន The Best ៦ លើក យកឈ្នះលើ Ronaldo ៥ លើក

អ្នកគាំទ្រជាច្រេីនមានការមិនអស់ចិត្តនិងងឿងឆ្ងល់ជាច្រើនជុំវិញចំនួនពានរង្វាន់ប្រៀបធៀបខ្ពស់ទាបរវាង Lionel Messi និង Cristiano Ronaldo។ ប្រភពព័ត៌មានធំៗក្រៅស្រុកបានចុះផ្សាយព្រឹកនេះ ដោយថា Messi បានឈ្នះពានរង្វាន់កីឡាករល្អឆ្នើមរបស់ FIFA ចំនួន ៦ លើក ច្រើនជាង Ronaldo ដែលបាន ៥ លើក។ មតិខ្លះផ្ទុះការភ័ន្តច្រឡំដោយឆ្ងល់ថាទាំងដែលពាន The Best របស់ FIFA ទើបបង្កើតរាប់ចាប់ពីឆ្នាំ ២០១៦ តរៀងមក ចុះហេតុអ្វី Messi ឈ្នះបានដល់ទៅ ៦ លើក?

តាមពិតទៅនេះរាប់ពានរង្វាន់សរុបសម្រាប់ពានកីឡាករឆ្នើមរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ដែលមានដើមកំណើតតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ ហើយក្នុងនោះចូលដល់យុគសម័យរបស់ Messi និង Ronaldo ចាប់ពីឆ្នាំ ២០០៨ តទៅ។

នៅឆ្នាំ ២០០៨ គេឲ្យឈ្មោះពាននេះថា Player Of The Year រហូតដល់ឆ្នាំ ២០១០ សហព័ន្ធ FIFA បានចាប់ដៃគូសហការជាមួយស្ថាប័ន France Football ក្នុងការប្រកាសពាន Ballon d’Or វិញ លុះបញ្ចប់កិច្ចសហការរយៈពេល ៦ ឆ្នាំដល់ដើមឆ្នាំ ២០១៧ ទើប FIFA ផ្តាច់ខ្លួនចេញ ហើយមកបង្កើតពាន The Best FIFA Men’s Player រហូតមកទល់បច្ចុប្បន្ន។