Barcelona បាន​យក​ឈ្នះ​ក្រុម​មក​ពី​លីគ​លំដាប់​ទី​៣ Linares លទ្ធផល​ ២-១ បាន​ឡើង​ទៅ​ជុំ​បន្ត​ពាន​រង្វាន់ Copa del Rey ខណៈ Dani Alves បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ឲ្យ​ក្លឹប។

Dani Alves
Dani Alves

ក្នុង​ការ​ប្រកួត Linares បាន​ធ្វើ​ការ​នាំ​មុខ​មុន​តាំង​តែ​នាទី​១៩។ ហើយ​ការ​ប្រកួត​ត្រូវ​រងចាំ​ដល់​នាទី​៦៣​និង​៦៩ ទើប Barca អាច​វាយ​បក​យក​ឈ្នះ​វិញ ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ Ousmane Dembele និង Ferran Jutgla។

តាម​រយៈ​លទ្ធផល​ឈ្នះ ២-១ នេះ Barca មាន​សិទ្ធិ​បាន​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ Copa del Rey។ Dani Alves វ័យ​៣៨​ឆ្នាំ​ក្រោយ​រងចាំ​អស់​ជា​យូរ កាល​ពី​យប់​មិញ​​គេ​បាន​បង្ហាញ​​ខ្លួន​ប្រកួត​ដំបូង​ឲ្យ Barca ហើយ​​ផ្លាស់​មក​កាន់​ក្លឹប​កាល​ពី​ខែ​វិច្ឆិកា។

ខ្សែ​ការពារ​ស្ដាំ​រូប​នេះ​បាន​ចាកចេញ​ពី​កីឡដ្ឋាន Nou Camp កាល​ពី​ឆ្នាំ​២០១៦ ធ្លាប់​ឈ្នះ​ពាន​ La Liga ៦​ដង និង​ Champions League ៣​ដង៕