បរាជ័យយប់មិញធ្វើឲ្យ Man UTD ស្ថិតនៅលើតំបន់គ្រោះថ្នាក់មានតែ ២ពិន្ទុប៉ុណ្ណោះ
ក្រោយបរាជ័យក្រោមថ្វីជើងសារិកាព្រៃ Newcastle United ក្នុងលទ្ធផល ១ទល់នឹង០ ក្នុងជំនួបសប្ដាហ៍ទី៨ កាលពីយប់មិញ បិសាចក្រហម Manchester United កំពុងឈរនៅលេខ១២ នៅក្នុងតារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League។

៨ប្រកួតក្នុងរដូវកាលថ្មីក្របខណ្ឌ Premier League របស់ជើងឯកលីគកំពូលអង់គ្លេស ២០សម័យកាល Manchester United មាន៩ពិន្ទុ ដោយឈ្នះបានតែ ២ប្រកួតប៉ុណ្ណោះ ខណៈ ៥ប្រកួតទៀតគឺស្មើ២ និងចាញ់៣ ដែលនេះជាកំណត់ត្រាដ៏អាក្រក់មួយ។
បើទោះបីជាកំពុងឈរនៅលេខ១២ពិតមែន ប៉ុន្តែក្រុមរបស់លោក Ole Gunnar Solskjaer មានពិន្ទុលើសក្រុមដែលកំពុងស្ថិតនៅតំបន់កាត់ចោលតែ ២ពិន្ទុប៉ុណ្ណោះ ដែលនេះជាសម្ពាធមួយយ៉ាងខ្លាំងរបស់អ្នកចាត់ការទូទៅសញ្ជាតិន័រវេស ចំពោះមុខអ្នកគាំទ្រ។
គួររំលឹកឡើងវិញដែរថា មុនពេលចាប់ផ្ដើមរដូវកាលថ្មីនេះ Man UTD បានចំណាយប្រាក់អស់ ១៥៩លានអឺរ៉ូក្នុងការទិញកីឡាករល្អៗចូល ៣រូបរួមមាន Harry Maguire, Wan-Bissaka និង Daniel James ប៉ុន្តែលទ្ធផលហាក់មិនសមប្រកបសោះ៕