បឹងកេត លើក​​ពាន​សម្ដេច​ ហ៊ុន សែន លើក​ដំបូង​​ក្រោយ​ឈ្នះ​បាល់​ប៉េណាល់​ទី​កាត់​ក្ដី ​លើ​ព្រះខ័នរាជ​ស្វាយរៀង​ ដោយ​លទ្ធផល ៥-៤ ​បន្ទាប់​ពី​បញ្ចប់​ ១-១ ​​ត្រឹម​៩០​នាទី ​​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាលពីម្សិលមិញ​នៅ​​កីឡដ្ឋាន RSN។

photo of បឹងកេត
បឹងកេត ក្លាយជាជើងឯក​​ពាន​សម្ដេច​ ហ៊ុន សែន លើក​ដំបូង

ការ​ប្រកួត​វគ្គ​ទី១​ ​បាន​បញ្ចប់​ទៅ​​ដោយ​លទ្ធផល ០-០ ទោះ​ជា​​មាន​ឱកាស​​​ស៊ុត​បញ្ចូល​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ដោយ។ គ្រាន់​តែ​ចូល​​​វគ្គ​ទី​២ ​ ម៉ុន វ៉ាន់ ​បាន​តែត​បញ្ចូល​ទី​ឲ្យ​បឹងកេត​នាំ​មុខ​នាទី​ទី​​៤៧ ​ក្រោយ​ការ​​​បញ្ជូន​បាល់​​យ៉ាង​ល្អ​ពី​សំណាក់​ ជា វេសលី។  ព្រះ​ខ័នរាជស្វាយរៀង ​ត្រូវ​​រង់​ចាំ​ដល់​នាទី​ទី​ ៦៩ ​ដែល ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ​ដោយ​ ណុប តុលា បន្ទាប់​ពី សេត រ៉ស៊ីប ​​​ធ្វើ​ឲ្យ​បាល់​ប៉ះ​ដៃ​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់ ​ហើយ រ៉ស៊ីប ​ក៏​ត្រូវ​​អាជ្ញា​កណ្ដាល លឺម ប៊ុនធឿន ដក​កាត​​ក្រហម​ពិន័យ​​ឲ្យ​ចេញ​ពី​ទីលាន​ផង​ដែរ។ ​​​បាល់ប៉ះ​​ដៃ របស់ រ៉ស៊ីប ដោយ​សារ​តែ​បាល់​ ​សម្រុក​មុខ​ទី​រញ៉េរញ៉ៃ ​ពី​សំណាក់​ ​ព្រះខ័នរាជស្វាយរៀង។ ​

ដ្បិត​សល់​គ្នា ១០ នាក់ ប៉ុន្តែ​ ព្រះខ័នរាជស្វាយរៀង​ ​មិន​អាច​​រក​គ្រាប់​លើ បឹងកេត នោះ​ទេ។ ​រហូត​ដល់​នាទី​ទី​ ៩០+៣ ​ម៉ាត់ ណូរុន ​ស៊ុត​ហ្វ្រីឃីគ​មួយ​ជើង​ល្អ​ណាស់ ប៉ុន្តែ ​បាល់​ហោះ​ទៅ​បុក​បង្គោល​ទី​ខាង​ស្ដាម ​​ខណៈ​ដែល អាំ សុវណារ៉ាត់ គ្រាន់​តែ​ឈរ​មើល​ប៉ុណ្ណោះ​ពេល​បាល់​ឡង​ចេញ​មក​ក្នុង​ទីលាន​វិញ។ ទោះ​ថែម​ ១៥​នាទី​ ២ ដង​ ក៏​មិន​មាន​ឱកាស​ស៊ុត​បញ្ចូល​គ្នា​ដែរ ​ដោយ​បញ្ចប់​ទៅ​​​ដោយ​លទ្ធផល​ ​ស្មើគ្នា ១-១។

​នេះ​ជា​ការ​រៀប​ចំ​ព្រឹត្តិការណ៍​​លើក​ទី ១៣ នៅ​ឆ្នាំ ២០១៩។ ​សរុប​អ្នក​​ឈ្នះ​​​ជើង​ឯកក្នុង​ព្រឹត្តិការណ៍​​នេះ ព្រះខ័នរាជស្វាយរៀង ឈ្នះ ៤ លើក, ការពារ​ជាតិ​ ៣ ​លើក, ភ្នំពេញក្រោន ២ លើក ខណៈ​ដែល​ ខេមរាកីឡា, នគរបាលជាតិ,  ណាហ្គាវើលដ៍​ ​ និង បឹងកេត ឈ្នះ ១ ​លើក​ដូច​គ្នា។

ប្រភព៖ sportrefresh