photo of បឹងកេត
បឹងកេត ៣-២ ណាហ្គាវើល

ទីបំផុតក្រុមបាល់ទាត់បឹងកេតអែហ្វស៊ី បានយកឈ្នះក្រុមណាហ្គាវើល ដោយលទ្ធផល ៣-២ ក្នុងជំនួបបញ្ចប់វគ្គសន្សំពិន្ទុជើងទី១ នៅលើទីលានពហុកីឡដ្ឋានជាតិ ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច ។

គួរបញ្ជាក់ថា ជំនួបដ៏ជក់ចិត្តនេះ ក្រុមទាំងពីរ បានបំប៉ោងសំណាញ់គ្នា ១គ្រាប់ម្នាក់នៅតង់ទី១ ប៉ុន្ដែចូលតង់ទី២ ក្រុមបឹងកេត បានរកគ្រាប់បាល់នាំមុខ ២-១ ជាថ្មី បន្ទាប់មកទើបកីឡាករ OKORO  Mttchew បានវាយបកជួយក្រុមណាហ្គាវើលតាមស្មើ ២-២ នៅនាទី៨៧ ។តែអ្វីដែលគួរឲ្យស្ដាយ គឺនៅចុងម៉ោង បានកើតមានការប៉ះទង្គិចគ្នាបន្ដិចក្នុងប្រអប់គ្រោះថ្នាក់របស់ណាហ្គាវើល ដែលធ្វើឲ្យអាជ្ញាកណ្ដាល លើទីលានលោក លឹម ប៊ុនធឿន សម្រេចចិត្តផ្ដល់បាល់ពិន័យ ១១ម៉ែត្រភ្លាមៗដល់ក្រុមបឹងកេត ហើយកីឡាករ Maycon បានធ្វើសម្រេចជួយបឹងកេត យកឈ្នះណាហ្គាវើល ៣-២ តែម្ដង ។

photo of បឹងកេត
បឹងកេត vs ណាហ្គាវើល

ផ្អែកតាមលទ្ធផលខាងលើនេះដែរ គឺបានជួយក្រុមបឹងកេត ឡើងឈរកំពូលតារាងបណ្ដោះអាសន្នជាថ្មី ដោយមាន ២៧ពិន្ទុជាមួយលទ្ធផល ១១ប្រកួតឈ្នះ៨ និងស្មើ៣ ពោលគឺពួកគេបានរក្សាកំណត់មិនស្គាល់ ចាញ់ក្នុងការប្រកួតជើងទី១ គ្រាដែលណាហ្គាវើល បានធ្លាក់មកឈរលេខ២ ដោយរក្សា ២៥ពិន្ទុក្រោយឆ្លងកាត់ ១១ប្រកួតដូចគ្នា ឈ្នះ៨ ស្មើ១ និងចាញ់ ២ប្រកួត ៕