បឹងកេត ស្គាល់រសជាតិចាញ់ដំបូងនៅលីគកំពូលកម្ពុជា ក្រោយចាញ់ការពារជាតិ

ក្រុមការពារតំណែងជើងឯកបឹងកេតបានស្គាល់បរាជ័យលើកដំបូងក្នុងលីគកម្ពុជារដូវកាលនេះ បន្ទាប់ពីចាញ់ក្រសួងការពារជាតិដោយលទ្ធផល ២-០ នៃការប្រកួតសប្តាហ៍ទី១៦ ជើងទី២កាលពីម្សិលមិញនៅស្តាតចាស់។
ក្រុមម្ចាស់ជើងឯកឆ្នាំ២០១៧មួយនេះបានធ្វើដំណើរទៅប៉ះជាមួយក្រុមក្រសួងការពារជាតិនៅក្នុងកីឡដ្ឋានខេមរភូមិន្ទ ឬ ស្តាតចាស់ ក្នុងសប្តាហ៍ទី១៦ នៃក្របខ័ណ្ឌ Metfone Cambodia League។
ចូលក្នុងតង់ទីមួយ កីឡាករ ឈិន ឈឿន បានតែតមួយក្បាល រកគ្រាប់បាល់ឲ្យការពារជាតិនាំមុខមុន មិនយូរប៉ុន្មាន ពោលគឺនៅនាទីទី៣២ ខ្សែការពារសញ្ជាតិកូរ៉េខាងត្បូង Yoo Jae-ho រកបានមួយគ្រាប់ទៀត ជួយឲ្យក្រុមក្រសួងការពាររកបានជ័យជម្នះជាលើកទី៨ក្នុងរដូវកាលនេះ។

ទោះបីចាញ់យ៉ាងណាក្តី ក្លិបបឹងកេតអេហ្វស៊ី នៅតែបន្តឈរនៅកំពូលតារាង ដោយក្នុង១៦ប្រកួត ពួកគេបានឈ្នះ១២ដង ស្មើ៣ដង និង ចាញ់តែ១ដងប៉ុណ្ណោះ៕
ហើយកាលពីម្សិលមិញដែរ ណាហ្គាវើល បានយកឈ្នះភ្នំពេញក្រោនដោយលទ្ធផល ២-១។ ២គ្រាប់របស់ណាហ្គាវើលធ្វើបានសម្រេចដោយ Mathew Osa នៅនាទីទី៦៨ និង សួង វីរៈ នៅនាទីទី៩០+២ ហើយ១គ្រាប់របស់ភ្នំពេញក្រោន កើតឡើយដោយខ្សែការពារណាហ្គាវើល ញឹម សុវណ្ណារ៉ា ធ្វើឲ្យចូលទីខ្លួននៅនាទីទី៥៦៕
