ក្រុមបាល់ទាត់បឹងកេតរបស់កម្ពុជា បានបរាជ័យធ្ងន់ធ្ងរបំផុត ក្រោមថ្វីជើងក្រុមខ្លាំងរបស់ហ្វីលីពីន Ceres Negros  ដោយលទ្ធផលរហូតដល់ ៩-០  ក្នុងការ​ប្រកួត​បើក​ឆាក​ជើង​ទី ១ វគ្គ​ចាប់​ពូល​ពាន​រង្វាន់ AFC Cup 2018 នៅ​លើ​ទឹកដី​ខ្លួនឯង នៅ​ពហុ​កីឡដ្ឋាន Panaad Park and Stadium កាល​ពី​យប់​ថ្ងៃ​អង្គារ ម្សិលមិញ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​ប្រចាំ​ពូល F ជា​បណ្តោះ​អាសន្ន។ 

photo of Ceres-Negros
ក្រុម​ខ្លាំង​របស់​ហ្វីលីពីន Ceres-Negros
photo of បឹងកេត
ក្រុមជើងឯកលីគកំពូលកម្ពុជា បឹងកេត

ត្រឹម​រយៈពេល ៣២ នាទី​ប៉ុណ្ណោះ ក្រុម Ceres-Negros រក​បាន​រហូត​ដល់ ៥ គ្រាប់ ដើម្បី​នាំមុខ​ក្រុម​បឹងកេត ៥-០ ក្នុង​តង់​ទី ១ មុន​ពេល​ពួកគេ​បាន​បន្ថែម ៣ គ្រាប់​ទៀត នៅ​តង់​ទី ២ ដើម្បី​យក​ឈ្នះ​ក្រុម​បឹងកេត ៩-០។ ការចាញ់ស្ពឹកមុខក្រៅដីនេះ ក្រុមបឹងកេតស្ទើរតែគ្មានឱកាសលេងតំបន់គ្រោះថ្នាក់របស់ក្រុម Ceres Negros ផងដែរ

ជ័យជម្នះនេះ បានជួយឲ្យក្រុម Ceres Negros ទទួលបាន ៣ពិន្ទុឡើងឈរកំពូលតារាងលើក្រុមសិង្ហបុរី Home United ដែលយកឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា ១-០ យកបាន ៣ពិន្ទុដូចគ្នា កាលពីល្ងាចមិញ៕

photo of Ceres-Negros
ក្រុម​ខ្លាំង​របស់​ហ្វីលីពីន Ceres-Negros
photo of Ceres-Negros vs បឹងកេត​
Ceres-Negros vs បឹងកេត​

បើទោះបីជា​ការប្រកួត​នេះ​គ្រូបង្វឹក​ក្រុម​បឹងកេត លោក កែវ កុសល បាន​រៀបចំ​ទម្រង់​លេង​បែប​ការពារ ប៉ុន្តែ​រនាំង​ការពារ​នេះ​មិន​អាច​ទប់ស្កាត់ ការ​វាយ​លុក​យ៉ាង​ខ្លាំង​របស់​ក្រុម Ceres-Negros បាន​នោះ​ទេ។

ជាមួយ​លទ្ធផល​នេះ ខ្សែប្រយុទ្ធ​ពាក់​លេខ ៩ Takumi Uesato លេខ ៧ Bienvenido និង​លេខ ១០ Jose Porteria សុទ្ធតែ​រក​បាន ២ គ្រាប់​ដូចគ្នា ហើយ Manue Ott និង Carlos រក​បាន​ម្នាក់ ១ គ្រាប់។ ចំណែក ១ គ្រាប់​ទៀត ជា​ការ​តែត​បាល់​បញ្ចូល​ទី​ខ្លួនឯង​របស់​ខ្សែ​ការពារ ស៊ុន សុវណ្ណរិទ្ធី នៅ​នាទី​ទី ៥៨។ អ្នកគាំទ្រ​ផ្ទាល់​របស់​ក្រុម Ceres-Negros មានការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ជាមួយ​ជ័យជម្នះ​យ៉ាង​ធំ​របស់​ក្រុម Ceres-Negros លើក​នេះ ប៉ុន្តែ​ការ​ចាញ់ ៩-០ នេះ បាន​ក្លាយជា​លទ្ធផល​យ៉ាង​អាក្រក់ ដែល​បឹងកេត មិន​ធ្លាប់​ទទួល​បាន ក្នុង​ការ​ប្រកួត​អន្តរជាតិ កន្លង​មក។

photo of Ceres-Negros vs បឹងកេត​
Ceres-Negros vs បឹងកេត​