photo of ហ៊ុល គឹមហ៊ុយ
កីឡាករ ហ៊ុល គឹមហ៊ុយ

ក្រុមបឹងកេតអែហ្វស៊ី បានរកឃើញអ្នកស្នងម្ចាស់អាវលេខ១ ជំនួសអ្នកចាំទី ស៊ូ យ៉ាទី ហើយ គឺកីឡាករ ហ៊ុល គឹមហ៊ុយ ដែលប្រកាសចុះកិច្ចសន្យាផ្លូវការ កាលពីល្ងាចមិញ ស្របពេលកីឡាករចាស់វស្សារបស់ខ្លួន ២រូប បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ គឺខ្សែការពារ ខៀវ វិបុល និងខ្សែបម្រើ ឈុន សុធារ័ត្ន ។

ក្លឹបបឹងកេត បានប្រកាសចុះកិច្ចសន្យាផ្លូវការជាមួយអ្នកចាំទីជម្រើសជាតិយុវជន ហ៊ុល គឹមហ៊ុយ កាលពីល្ងាចមិញ ដោយគេនឹងត្រូវជំនួសតំណែងរបស់ ស៊ូ យ៉ាទី បន្ទាប់ពីម្ចាស់ស្រោមដៃមាសពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ៤សម័យកាលរូបនេះ បានចាកចេញទៅរួមរស់ជាមួយក្រុមណាហ្គាវើល កាលពីពាក់កណ្ដាលរដូវកាលឆ្នាំ២០១៨។

photo of ហ៊ុល គឹមហ៊ុយ
កីឡាករ ហ៊ុល គឹមហ៊ុយ

យ៉ាងណាមិញក្លឹបជើងឯករងលីគកំពូលកម្ពុជា ឆ្នាំ២០១៨នេះ មិនបានបញ្ជាក់ពីសុពលភាពនៃកិច្ចសន្យា ដែលបានផ្ដល់ជូនដល់យុវជនមានដើមកំណើតនៅស្រុកបាទី ខេត្តតាកែវនេះឡើយ ប៉ុន្ដែបើតាមប្រភពស្និទ្ធស្នាលជាមួយអ្នកចាំទីវ័យក្មេងរូបនេះបានបង្ហើបថា បឹងកេត បានផ្ដល់កិច្ចសន្យារយៈពេលវែងគួរសម ដើម្បីអភិវឌ្ឍន៍បន្ថែម និងពួតដៃជាមួយសិស្សច្បងរួមមានអ្នកចាំទី គឹម មករា និង យោគ អារី ដើម្បីជួយក្លឹបនារដូវកាលក្រោយ។

គួរបញ្ជាក់ថា គឹមហ៊ុយ អាចចូលរួមជាមួយក្រុមបឹងកេតបាន គឺក្រោយផុតកិច្ចសន្យាជាមួយសាលាបាល់ទាត់ជាតិបាទី ស្របពេលរូបគេ ទើបបានប្រឡង់ជាប់សញ្ញាបត្របាក់ឌុប ឆ្នាំ២០១៨ ជាមួយនិទ្ទេស E កាលពីពេលថ្មីៗ ។ អ្នកចាំទីវ័យក្មេងរូបនេះ ធ្លាប់បានបង្ហាញសមត្ថភាពជាមួយក្រុមជម្រើសជាតិយុវជនជាច្រើន រហូតកាលពីពាក់កណ្ដាលឆ្នាំ២០១៧ ត្រូវបានលោក Leonardo Vitorino កោះហៅចូលហាត់ជាមួយក្រុមធំ នៃក្រុមជម្រើសជាតិកម្ពុជា ចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Asian Cup ទៀតផង ។