បែកធ្លាយសម្លេង Perez កាលឆ្នាំ២០០៦ថា Raul និង Casillas មិនសមលេងឲ្យ Real នោះទេ
សារសម្លេងបែកធ្លាយកាលពីឆ្នាំ២០០៦ របស់លោក Florentino Perez ប្រធានក្លឹប Real Madrid ត្រូវបានចុះផ្សាយដោយកាសែត El Confidencial កាលពីពេលថ្មីៗនេះថា Raul និង Iker Casillas ជាកីឡាករមិនស័ក្ដិសមលេងឲ្យក្លឹបលោកនោះទេ។

លោក Perez បាននិយាយថា៖” Casillas មិនមែនជាអ្នកចាំទីស្តង់ដាររបស់ Real នោះទេ នេះជាអ្វីដែលខ្ញុំអាចនិយាយបាន។ គេមិនមែន ហើយក៏មិនដែលធ្លាប់ទេ។ គេហ្នឹងហើយជាភាពបរាជ័យរបស់យើង។ បញ្ហានោះគឺថាមានមនុស្សស្រលាញ់គេខ្លាំងពេក ការពារគេខ្លាំងពេក។ គេមិនស័ក្ដិសមលេងឲ្យយើងទេ មួយទៀតនោះគឺ Raul និយាយទៅគេទាំងពីរនាក់នេះហើយ ទី១គឺ Casillas ទី២គឺ Raul ។
លោកក៏បានបន្ថែមដែរថា៖” និយាយទៅកីឡាករមួយចំនួនដូចពួកគេហ្នឹងគិតតែចិត្តខ្លួនឯងទេ។ យើងអត់អាចរំពឹងអីពីពួកគេបានសោះ។ ប្រសិនជាយើងគិតថារំពឹងលើពួកគេបាន នោះគឺខុសហើយពួកគេនឹងធ្វើឲ្យយើងខកចិត្តជាមិនខាន។ និយាយទៅខ្ញុំមិនសូវជាមានការយល់ឃើញល្អប៉ុន្មានទេសម្រាប់កីឡាករមួយចំនួន “។
សារសម្លេងបែកធ្លាយនេះធ្វើឡើងបន្ទាប់ពីលោក Perez ចាកចេញពីតំណែងប្រធាន Real កាលពីឆ្នាំ២០០៦ ក្រោយពីលោកឡើងដឹកនាំបាន ៦ឆ្នាំចាប់ពីឆ្នាំ២០០០មក។ យ៉ាងណាក្ដីលោកត្រូវបានគេតែងតាំងជាប្រធានក្លឹបម្ដងទៀតនៅឆ្នាំ២០០៩ ដែលនៅបន្តដឹកនាំរហូតដល់បច្ចុប្បន្ន៕