ប៉ះគ្នាល្ងាចនេះ ទាំងជម្រើសជាតិកម្ពុជា និង អាហ្វហ្គានីស្ថាន សុទ្ធតែចង់ឈ្នះរៀងខ្លួន
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតជាមួយនឹង ជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងជំនួបបិទពូល C នៃពានរង្វាន់ជើងឯកទ្វិបអាសុី AFC Asian Cup 2019 នៅម៉ោង ៦ ល្ងាចនេះ (ម៉ោងនៅកម្ពុជា) នៅពហុកីឡដ្ឋាន Pamir Stadium ក្នុងទីក្រុង Dushanbe ប្រទេសតាហ្ស៊ីគីស្ថាន។

តាមរយៈការប្រកួត ៥លើកកន្លងមកនេះ ក្រុមកម្ពុជា និងអាហ្វហ្គានីស្ថាន មានត្រឹម ៣ពិន្ទុដូចគ្នា ដោយក្នុងនោះ អាហ្វហ្គានីស្ថាន បានស្មើ៣ និងចាញ់ ២ប្រកួត ខណៈកម្ពុជា បានយកឈ្នះអាហ្គានីស្ថាន ១-០ ក្នុងការប្រកួតជើងទី១ ប៉ុន្តែបានចាញ់ក្រុមហ្សកដានី និងក្រុមវៀតណាម ទាំង ២ជើងដូចគ្នា។
សម្រាប់ជើងទីពីរនេះជាការប្រកួតបង្គ្រប់កិច្ចរបស់ក្រុមទាំងពីរដោយសារធ្លាក់ដូចគ្នា ប៉ុន្តែវាជាការប្រកួតសំខាន់ដដែលសម្រាប់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា ហើយលោកបានថ្លែងក្នុងសន្និសីទកាសែត នៅប្រទេសតាហ្ស៊ីគីស្ថាន កាលពីម្សិលមិញថា ” បើទោះបីការប្រកួតនេះមិនមានសារះសំខាន់សម្រាប់យើងក្នុងការប្រកួតប្រជែងរកកៅអីដើម្បីឡើងទៅជុំបន្ទាប់ក៏ពិតមែន ប៉ុន្តែវាមានសារសំខាន់សម្រាប់ក្រុមយើង ជាពិសេសដើម្បីបង្កើនចំនាត់ថ្នាក់ក្នុងតារាងពិភពលោក (FIFA World Ranking) ដូច្នេះនេះគឺជាអ្វីដែលសំខាន់បំផុត។”

ចំណែកលោក Otto Pfister គ្រូបង្វឹកជម្រើសជាតិអាហ្វហ្គានីស្ថានបាននិយាយក្នុងសន្និសីទកាសែតថា “ទោះបីយើងមានកីឡាករបរទេសមានបទពិសោធន៍នៅក្រៅប្រទេសច្រើនក៏ដោយ តែយើងបានប្រកួតចាញ់កាលពីជើងទីមួយ ដូចនេះជាយុទ្ធនាការដ៏លំបាកមួយសម្រាប់ពួកយើង ហើយយើងនឹងប្រកួតលើកចុងក្រោយជាមួយក្រុមកម្ពុជា នៅថ្ងៃស្អែក (ថ្ងៃអង្គារនេះ) ដោយយើងសង្ឃឹមថា យើងនឹងធ្វើបានល្អ ដើម្បីបង្ហាញពីការលេងដ៏ពេញចិត្តមួយ ទៅដល់អ្នកគាំទ្រ”
គួរបញ្ជាក់ថា នេះជាការប្រកួតបង្គ្រប់កិច្ចសម្រាប់ក្រុមទាំងពីរដែលប្រកួតវេលាម៉ោង៦ល្ងាច នៅទឹកដីកណ្តាល តាជីគីស្ថាន។ ចំណែកក្រុមវៀតណាម និងហ្សកដានីបានឡើងទៅវគ្គបន្ត ប៉ុន្តែត្រូវប្រកួតបញ្ចប់ភារកិច្ចក្នុងពូលនេះដែរ៕