ប្រធានក្លិប Flamengo ធ្វើដំណើរមកកាន់ប្រទេសអង់គ្លេសផ្ទេរយក Andreas Pereira ជាអចិន្ត្រៃយ៍
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ប្រធានក្លិប Flamengo បានធ្វើដំណើរមកកាន់ប្រទេសអង់គ្លេស ដើម្បីព្យាយាមសម្រេចកិច្ចព្រមព្រៀងផ្ទេរយកខ្សែបម្រើក្រុមបិសាចក្រហម Manchester United កីឡាករ Andreas Pereira ជាអចិន្ត្រៃយ៍។

ខ្សែបម្រើវ័យ២៦ឆ្នាំខាងលើ តែងត្រូវបានក្លិប Man UTD ដាក់ឲ្យក្លិបផ្សេងៗខ្ចីជើង។ ជាក់ស្ដែងកាលពីរដូវកាល ២០២០-២១ រូបគេបានខ្ចីជើងលេងនៅ ក្លិប Lazio នៅលីគ Serie A លុះឈានដល់រដូវក្ដៅឆ្នាំមុន រូបគេបានបន្តទៅលេងខ្ចីជើងនៅទឹកដីកំណើតប្រទេសប្រេស៊ីល ដោយចូលរួមជាមួយក្លិប Flamengo ។
បន្ថែមពីនេះ បើតាមកិច្ចព្រមព្រៀង ក្លិប Flamingo មានសិទ្ធទិញ Pereira ផ្ដាច់ ក្នុងតម្លៃ១៧លានផោន (ឬប្រមាណ ២៣លានដុល្លារ) ប៉ុន្តែអនុប្រធានក្លិបយក្សប្រេស៊ីលខាងលើ លោក Marcos Braz បានបញ្ជាក់ថា លោកចង់បាន Pereira ក្នុងតម្លៃទាបជាងនេះ។
ជាមួយគ្នានេះ បើតាមការបញ្ជាក់របស់កាសែត Sport Witness ពេលនេះ មេធំ ក្លិប Flamengo បានធ្វើដំណើរមកចរចា ដើម្បីតថ្លៃ យក Pereira ពី Man UTD ផ្ដាច់ហើយ ដោយដាក់សំណើចំនួន៦,៨លានផោន (ឬប្រមាណ ៩,២លានដុល្លារ)។ ប៉ុន្តែទោះជាយ៉ាងណា មិនទាន់មានការឆ្លើយតបណាមួយ ពីភាគីខាង Man UTD នៅឡើយទេ។
គួរបញ្ជាក់ដែរថា ចាប់តាំងពីទៅលេងខ្ចីជើងឲ្យ Flamingo កីឡាករ Pereira បង្ហាញខ្លួន បាន២៤ប្រកួត ក្នុងនោះគេរកបាន៥គ្រាប់៕