photo of Daniel Levy
ប្រធានក្លិប Tottenham Hotspur លោក Daniel Levy

លោក Daniel Levy ប្រធានក្លិប Tottenham Hotspur និយាយថាក្លិបលោកមិនអាចលក់ចេញអស់កីឡាករដែលក្លិបចង់បញ្ចេញក្នុងរដូវក្ដៅឆ្នាំ២០១៩នេះ។ Christian Eriksen, Toby Alderweireld និង Danny Rose ជាដើមត្រូវបានភ្ជាប់យ៉ាងខ្លាំងនឹងការផ្ទេរចេញ ប៉ុន្តែទីបំផុតនៅ Spurs ដដែល។

ខ្សែការពារស្លាបស្ដាំអង់គ្លេស Kieran Trippier ជាកីឡាករដែលត្រូវបានលក់ចេញមានឈ្មោះល្បីជាងគេ ខណៈ Fernando Llorente និង Vincent Janssen ក៏បានចាកចេញផងដែរ។

photo of Kieran Trippier
ខ្សែការពារស្លាបស្ដាំអង់គ្លេស Kieran Trippier

លោក Levy និយាយថា៩០%នៃមូលហេតុដែលកីឡាករ Spurs ចង់លក់ចេញមិនអាចចេញបានដោយសារក្លិបដែលបានបង្ហាញចំណាប់អារម្មណ៍លើពួកគេមិនមែនជាក្លិបពួកគេចង់ចូលរួម។

ប្រធានក្លិបដ៏មានឥទ្ធិពលដដែលបន្តថា Spurs មិនអាចផ្លាស់ប្ដូរសមាសភាពកីឡាករបានច្រើននាក់ដូចដែលក្លិបចង់បានឡើយក្នុងរដូវកាល២០១៩-២០នេះដែលពួកគេចាប់ផ្ដើមមិនបានល្អ។

photo of Christian Eriksen
កីឡាករ Christian Eriksen

អ្នកចាត់ការ Mauricio Pochettino ក៏ធ្លាប់បានលើកឡើងកន្លងមកដែរថាភាពមិនច្បាស់លាស់នៃអនាគតរបស់កីឡាករមួយចំនួនគឺជាចំណែកនៃមូលហេតុដែលនាំឱ្យ Spurs ធ្វើមិនបានល្អដូចរដូវកាលមុន។

Spurs ពេលនេះកំពុងឈរលេខរៀងទី៩ ក្នុង Premier League ដោយនៅក្រោមក្រុមកំពូលតារាង Liverpool ចំនួន១៣ពិន្ទុ ក្រោយលេងបាន៨ប្រកួត។ ឯក្នុងពាន Champions League ដែលពួកគេបានរងជើងឯករដូវកាលមុនវិញ ពួកគេទើបតែរកបាន១ពិន្ទុប៉ុណ្ណោះពី២ប្រកួតដំបូង ពិសេសត្រូវបាន Bayern Munich លត់៧-២៕